(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ប្រទេសចិនមានករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៦២ករណីបន្ថែមទៀតនៅទូទាំងប្រទេសចិន។ ប៉ុន្តែក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៦២ករណីនេះមានតែ ០៣ករណីប៉ុណ្ណោះ ដែលជាករណីឆ្លងក្នុងស្រុក ក្រៅពីនោះគឺសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស និងមានអត្រាកើនឡើងទ្វេដងបើធៀបនឹងថ្ងៃចន្ទ។ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ។
ក្នុងចំណោមករណីឆ្លងក្នុងស្រុកថ្មីៗទាំងបីករណីខាងលើនេះ មាន ០២ ករណីនៅខេត្តសានទុង (Shandong) និង ០១ ករណីផ្សេងទៀតនៅខេត្តក្វាងទុង (Guangdong)។ ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការសុខាភិបាលចិន (NHC) បានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,២៧៩នាក់ហើយ ដោយក្នុងនោះ ១១២នាក់ទើបតែត្រូវបានគេព្យាបាល ឲ្យជាសះស្បើយជាស្ថាពរឡើងវិញ កាលពីថ្ងៃអង្គារម្សិលមិញ។
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់ ៨១,៨០២ករណី ក្នុងនោះ ៣,៣៣៣នាក់បានបាត់បង់ជីវិត។
និយាយជារួមសម្រាប់ថ្ងៃអង្គារ ទី០៧ ខែមេសាម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ ៦២ករណីប៉ុណ្ណោះ ហើយក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៦២ករណីនេះទៀតសោត គឺមានតែ ០៣ករណីប៉ុណ្ណោះដែលជាករណីឆ្លងក្នុងស្រុក ក្រៅពីនោះជាករណីនាំចូលពីក្រៅប្រទេសទាំងអស់ ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ ខណៈចំនួនអ្នកសា្លប់នៅថ្ងៃដដែលនេះមានត្រឹមតែ ០២នាក់ប៉ុណ្ណោះ នៅទូទាំងប្រទេសចិនតែម្តង៕