(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន មិនត្រូវបានបំពាក់បំពង់ជំនួយការដកដង្ហើម (ventilator) នោះឡើយ ដោយក្នុងពេលស្ថិតនៅក្នុងសង្គ្រោះបន្ទាន់ (ICU) លោកត្រឹមតែទទួលជំនួយខ្លះ ពីការបំពាក់ខ្យល់អុកស៊ីហ្សែន ដើម្បីជំនួយដល់ការដកដង្ហើមប៉ុណ្ណោះ។
២៖ អ្នកស្រាវជ្រាវមួយរូបរបស់អ៉ីរ៉ង់បានប្រកាសថា ប្រទេសឥស្លាមមួយនេះ នឹងធ្វើការផលិតឧបករណ៍ធ្វើតេស្តរកវីរុស COVID-19, ម៉ាសប្រឆាំងវីរុសកូរ៉ូណា និង គ្រែផ្ទុកអ្នកជំងឺ COVID-19 ជាលក្ខណៈទ្រង់ទ្រាយធំតែម្តង ក្រោយពីឧបករណ៍ទាំងអស់នេះត្រូវបានអភិវឌ្ឍ និងធ្វើតេស្តដោយក្រុមជំនាញនៅក្នុងស្រុកសុទ្ធសាធ។
៣៖ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសនៅល្ងាចថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០នេះថា ចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅក្នុងប្រទេសអាស៊ានមួយនេះ បានកើនឡើងដល់ ៣,៩៦៣ករណីហើយ ក្នុងនោះអ្នកជំងឺសរុប ៦៣នាក់ស្លាប់។
៤៖ មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសនៅល្ងាចថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០ នេះថា ចំនួនមនុស្សស្លាប់ដោយសារតែជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ ២២១នាក់ហើយ នៅក្នុងចំណោមករណីឆ្លងសរុប ២,៧៣៨ករណី។
៥៖ រាជរដ្ឋាភិបាលជប៉ុននៅថ្ងៃអង្គារនេះ បានសម្រេចចិត្តប្រកាសដាក់ទីក្រុងតូក្យូ និងខេត្តចំនួន ០៦ផ្សេងទៀតក្នុងគ្រាអាសន្នហើយ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 នៅក្នុងចំណោមខេត្តទាំងអស់ចំនួន ៤៧ របស់ប្រទេសមហាអំណាច សេដ្ឋកិច្ចលេខ ៣ លើពិភពលោកមួយនេះ។
៦៖ នៅពេលដែលជំងឺ COVID-19 បានគ្របដណ្តប់លើគ្រប់ចំណងជើង នៃសារព័ត៌មានទាំងអស់នៅទូទាំងសកលលោក អង្គការសុខភាពពិភពលោក WHO បានព្រមាននៅថ្ងៃអង្គារ ទី០៧ ខែមេសានេះថា ពិភពលោកនឹងត្រូវការគិលានុបដ្ឋាយិកាប្រមាណ ០៦លាននាក់បន្ថែម ដើម្បីប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវមួយនេះ។