(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងថាអ្នកជំងឺ COVID-19 ១៤នាក់បន្ថែមទៀត បានស្លាប់ ខណៈករណីឆ្លងថ្មីចំនួន ១០៤ ត្រូវបានរាយការណ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
បើតាមក្រសួងសុខាភិបាលហ្វីលីពីន បូករួមទាំងតួលេខថ្មីខាងលើ ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសបានកើនដល់១៧៧នាក់ រីឯអ្នកឆ្លង COVID-19 ហក់ឡើងដល់៣,៧៦៤នាក់។
ដោយឡែក ថ្ងៃអង្គារនេះនេះដែរ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ បានយល់ព្រមអូសបន្លាយការអនុវត្តវិធានការ «បិទកោះលូសុន (Luzon)» ដែលគ្របដណ្ដប់លើចំនួន ប្រជាជនច្រើនជាងពាក់កណ្ដាល នៅទូទំាងប្រទេស និងតម្រូវឲ្យប្រជាជនបន្តស្ថិតនៅក្នុងផ្ទះ រហូតដល់ថ្ងៃទី៣០ ខែមេសា ដើម្បីទប់ស្កាត់ឆ្លងរាតត្បាត COVID-19៕