(ប៉ារីស)៖ រដ្ឋមន្ត្រីសុខាភិបាលបារាំង លោក អូលីវីយ៉េ វ៉ែររ៉ង់ (Olivier Veran) បាននិយាយថាប្រទេសរបស់លោក មិនទាន់ឈានដល់ចំណុចកំពូលនៃការឆ្លងរាតត្បាត COVID-19 នៅឡើយទេ ជាមួយការព្រមានដែរថាស្ថានភាពអាចនឹងកាន់តែអាក្រក់ឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។

លោក អូលីវីយ៉េ វ៉ែររ៉ង់ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BFM TV នៅថ្ងៃអង្គារនេះ។ ថ្លែងនាឱកាសនោះ លោករដ្ឋមន្រី្តសុខាភិបាលបារាំងរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «យើងមិនទាន់ឈានដល់ចំណុចកំពូលនៃការឆ្លងរាតត្បាត COVID-19 នៅឡើយទេ ដោយយើងនៅតែបន្តស្ថិតនៅក្នុងតំណាក់កាលដ៏អាក្រក់មួយ នៃការឆ្លងរាតត្បាត...ហើយស្ថានភាពអាចនឹងអាក្រក់ឡើងក៏ថាបាន។ ដូច្នេះវិធានការបិទប្រទេសអាចនឹងមានរយៈពេលយូរ ឬត្រូវអូសបន្លាយពេល ក្នុងករណីចំាបាច់»

គួរជម្រាបថា បើតាម worldometers បារាំងបច្ចុប្បន្ន មានអ្នកឆ្លង COVID-19 ៩៨,០១០នាក់ ក្នុងនោះស្លាប់ ៨,៩១១នាក់ និង១៧,២៥០នាក់ ជាសះស្បើយ៕