(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក The New York Times នាពេលថ្មីៗនេះ បានចុះផ្សាយសេចក្តីរាយការណ៍មួយដែលអះអាងថា ទោះបីតួលេខផ្លូវការនៃចំនួនអ្នកជំងឺ COVID-19 ដែលស្លាប់នៅទូទាំងសហរដ្ឋអាមេរិកបង្ហាញថា វាកំពុងស្ថិតនៅក្នុងការកើនឡើង យ៉ាងគំហុកជារៀងរាល់ថ្ងៃក៏ដោយ ក៏តួលេខទាំងនោះទំនងជាមិនបានស្តែងឲ្យឃើញ ពីចំនួនពិតប្រាកដជាក់ស្តែង នៃអ្នកជំងឺដែលបាត់បង់ជីវិតឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២០។
ក្នុងសេចក្តីរាយការណ៍ខាងលើ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ សារព័ត៌មាន The New York Times បានលើកឡើងថា តួលេខជាក់ស្តែងនៃអ្នកស្លាប់ ទំនងជាខ្ពស់ជាងតួលេខផ្លូវការបច្ចុប្បន្នឆ្ងាយ ដោយយោងទៅតាមក្តីព្រួយបារម្ភ ដែលបង្ហាញចេញដោយក្រុមបុគ្គលិកមន្ទីរពេទ្យ វេជ្ជបណ្ឌិត និងក្រុមអ្នកជំនាញសុខភាពសាធារណៈជាដើម នៅតាមទីក្រុង និងរដ្ឋផ្សេងៗនៅក្នុងសហរដ្ឋអាមេរិក។ សារព័ត៌មាន The New York Times បានបន្ថែមថា កត្តាដទៃទៀតដែលជំរុញឲ្យមានការរាប់មិនគ្រប់ចំនួនបែបនេះ គឺមកពីមិនមានប្រព័ន្ធរួមមួយ សម្រាប់រាប់ចំនួនអ្នកជំងឺ COVID-19 ដែលបាត់បង់ជីវិត ព្រមទាំងភាពខ្វះខាតនៃការធ្វើតេស្ត។
ជាមួយគ្នានេះ អ្នកជំនាញនៅសាកលវិទ្យាល័យស្រាវជ្រាវអាមេរិក Johns Hopkins ដែលជាវែបសាយតាមដានយ៉ាងជាប់លើចំនួនអ្នកឆ្លង និង អ្នកស្លាប់នៃ COVID-19 នៅតាមប្រទេសនានាទូទាំងពិភពលោក ក៏បានបង្ហាញការជឿជាក់ដែរថា ច្បាស់ជាមានចំនួនអ្នកដែលឆ្លង COVID-19 ហើយស្លាប់តែមិនត្រូវបានរាប់។ បើតាមសេចក្តីរាយការណ៍ខាងលើ ខណៈក្រុមអ្នកជំនាញបានគូសបញ្ជាក់ថា ចំនួនអ្នកស្លាប់ពិតប្រាកដ មានសារៈសំខាន់ក្នុងការស្វែងយល់ អំពីដំណើរវិវត្តន៍នៃការរីករាតត្បាតរបស់ជំងឺឆ្លង រដ្ឋាភិបាលអាមេរិកប្រហែលជានឹងមិនអាច ចេញរបាយការណ៍ចុងក្រោយមួយ ស្តីពីតួលេខពិតប្រាកដមួយនៃចំនួនអ្នកជំងឺ COVID-19 ដែលបានស្លាប់ រហូតដល់យ៉ាងហោចឆ្នាំ២០២១។
គួរជម្រាបថា យោងតាមវែបសាយ worldometers.info គិតត្រឹមម៉ោង ១១៖០០នាទីព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០ ចំនួនករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិកមាន ៣៦៧,៦២៩ករណី ក្នុងនោះស្លាប់ ១០,៩៤១នាក់ និងជាសះស្បើយ ១៩,៨១០នាក់។ Worldometers ជាវែបសាយផ្លូវការមួយរបស់អន្តរជាតិ ដែលតែងធ្វើការអាប់ដេត រាល់ទិន្នន័យផ្លូវការអំពី COVID-19 ចេញពីប្រទេសនីមួយៗ ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផងដែរ៕