(ហ្សឺណែវ)៖ នៅពេលដែលជំងឺ COVID-19 បានគ្របដណ្តប់លើគ្រប់ចំណងជើង នៃសារព័ត៌មានទាំងអស់នៅទូទាំងសកលលោក អង្គការសុខភាពពិភពលោក WHO បានព្រមាននៅថ្ងៃអង្គារ ទី០៧ ខែមេសានេះថា ពិភពលោកនឹងត្រូវការគិលានុបដ្ឋាយិកាប្រមាណ ០៦លាននាក់បន្ថែម ដើម្បីប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវមួយនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
ប្រធានអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «គិលានុបដ្ឋាយិកា គឺជាឆ្អឹងខ្នងនៃប្រព័ន្ធសុខាភិបាលទាំងអស់»។ ទន្ធឹមនឹងនោះ ប្រមុខដឹកនាំអង្គការសុខភាពពិភពលោករូបនេះ ក៏បានធ្វើការកត់សម្គាល់ផងដែរថា «សព្វថ្ងៃនេះគិលានុបដ្ឋាយិកា គឺជាទាហានជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ ដូច្នេះវាជាការចាំបាច់ណាស់ ដែលពួកគេទទួលបានការគាំទ្រដែលពួកគេត្រូវការ ដើម្បីថែរក្សាសុខភាពពិភពលោក»។
ក្នុងសេចក្តីថ្លែងការដដែលនេះ ក៏បានឲ្យដឹងដែរថា នៅទូទាំងសកលលោកយើងនេះ មានគិលានុបដ្ឋាយិកាចំនួនប្រមាណ ២៨លាននាក់។ នៅក្នុងស្ថានការណ៍បច្ចុប្បន្ន ចំនួនគិលានុបដ្ឋាយិកាទាំងអស់នេះ គឺមិនគ្រប់គ្រាន់ឡើយ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលកំពុងរាតត្បាតពាសពេញសកលលោក។ យ៉ាងហោចណាស់ យើងទាមទារឲ្យមានគិលានុបដ្ឋាយិកាប្រមាណ ០៦លាននាក់បន្ថែមទៀតដែរ ដើម្បីបំពេញការងារដ៏សំខាន់បំផុតបច្ចុប្បន្ន ជាពិសេសគឺនៅតាមបណ្តាប្រទេសក្រីក្រ ដូចជានៅអាហ្រ្វិក អាស៊ី និងផ្នែកខ្លះនៃអាមេរិកខាងត្បូងជាដើម កំពុងតែខ្វះខាតគិលានុបដ្ឋាយិកាជាខ្លាំង។
គួរជម្រាបថា គិតត្រឹមម៉ោង១១៖០០នាទីព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០នេះ ពិភពលោកទាំងមូល បានកត់ត្រាចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 ជាង១លាន ៣សែនករណីហើយ ក្នុងនោះអ្នកជំងឺជាង៧៤,០០០នាក់បានស្លាប់បាត់បង់ជីវិត ខណៈមនុស្សជាង២៧ម៉ឺននាក់បានជាសះស្បើយឡើងវិញ៕