(ឡុងដ៍)៖ ក្រោយការចេញផ្សាយព័ត៌មាន អំពីអការៈរោគ COVID-19 របស់លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន (Boris Johnson) កាន់តែធ្ងន់ធ្ងររហូតដល់ថ្នាក់បំពាក់អុកស៊ីហ្សែននោះ ពេលនេះមេដឹកនាំវ័យ ៥៥ឆ្នាំរូបនេះ ត្រូវបានផ្ទេរទៅកាន់បន្ទប់ ICU នៅក្នុងមន្ទីរពេទ្យទីក្រុងឡុងដ៍តែម្តង ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ព្រោះស្ថានភាពសុខភាពលោក ហាក់កាន់តែធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ BBC នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។
ការផ្ទេរលោកទៅកាន់បន្ទប់សង្គ្រោះបន្ទាន់នេះ ក៏ព្រោះតែលោក បូរីស ចនសុន គ្មានភាពធូរស្រាល ហើយអការៈក្អក និងកម្តៅក្នុងខ្លួនរបស់លោក នៅតែកើនឡើង។ ទោះបីជាបែបនេះក្តី លោក បូរីស ចនសុន នៅតែមិនបានផ្ទេរតំណែង ឬក៏ឲ្យមន្ត្រីណាម្នាក់ឡើងជំនួយតួនាទីលោក បណ្តោះអាសន្ននោះឡើយ ដោយពេលនេះរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដូមីនីក រ៉ាអាប់ (Dominic Raab) ត្រូវបានបង្គាប់ឲ្យធ្វើកិច្ចការខ្លះជំនួស នាយករដ្ឋមន្ត្រីអង់គ្លេស ទៅតាមភាពចាំបាច់ប៉ុណ្ណោះ។
អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា ពេលនេះលោកនាយករដ្ឋមន្ត្រី បូរីស ចនសុន កំពុងទទួលការព្យាបាល និងថែទាំងដោយក្រុមគ្រូពេទ្យជំនាញ ប្រកបដោយការយកចិត្តទុកដាក់ដ៏ល្អឥតខ្ចោះ ហើយអ្នកនាំពាក្យរដ្ឋាភិបាលក៏បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យទាំងអស់ផងដែរ។
គួរបញ្ជាក់ថា ព្រះរាជវាំងបាក់ឃីងហាំ នៃចក្រភពអង់គ្លេស ក៏បានជូនដំណឹងផងដែរ អំពីការតាមដានព័ត៌មានអំពីស្ថានភាពសុខភាព របស់លោក បូរីស ចនសុន ពីសំណាក់ម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី ២ ផងដែរ ដោយទ្រង់តាំងតែទទួលសារទូលថ្វាយជាប្រចាំ។ សម្រាប់ការផ្ទេរលោក បូរីស ចនសុន ទៅកាន់បន្ទប់ ICU នេះគឺបានកើតមានឡើង ក្រោយការបំពាក់ឧបករណ៍ជំនួយការដកដង្ហើម (បំពង់អុកស៊ីហ្សែន) ជូនលោកនាយករដ្ឋមន្ត្រី តែលោកនៅតែមិនបានធូរស្រាល កាលពីថ្ងៃចន្ទម្សិលមិញ៕