(អាមេរិក)៖ យោងតាមសកលវិទ្យាល័យ Johns Hopkins ដែលជាអ្នកតាមដានជាប់ជានិច្ចលើស្ថានការណ៍នៃវីរុសកូរ៉ូណាថ្មី (COVID-19) ទាំងនៅក្នុងសហរដ្ឋអាមេរិក និងពិភពលោកទាំងមូលបានបង្ហាញតួលេខឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក កាន់ដល់ចំនួន១០,៣៣៥នាក់ហើយ ខណៈអ្នកឆ្លងកើនលើស៣៥ម៉ឺននាក់ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។
បន្ទាប់ពីមានករណីស្លាប់ថ្មីចំនួន៧៥៥នាក់បន្ថែមទៀត បានធ្វើឲ្យចំនួនស្លាប់នៅសហរដ្ឋអាមេរិក ដោយសារកូវីដ ដល់ចំនួន១០៣៣៥នាក់នេះ។
បន្ទាប់ពីសហរដ្ឋអាមេរិក, ប្រទេសបារាំងឯណោះវិញក៏មានករណីស្លាប់ថ្មីៗបន្ថែមទៀតច្រើនផងដែរ ដោយក្នុងរយៈពេល២៤ម៉ោងមានករណីស្លាប់ដោយសារកូវីដរហូតដល់ ៨៣៣នាក់ ធ្វើឲ្យចំនួនតួលេខស្លាប់កើនដល់ ៨៩១១នាក់ ខណៈការឆ្លងជំងឺដ៏សាហាវនេះបានកើនដល់ជិត១០ម៉ឺនករណីនៅប្រទេសបារាំង។
សម្រាប់នៅលើពិភពលោក ចំនួនសរុបអ្នកឆ្លងកើនដល់ជាង១.៣លាននាក់ និងចំនួនអ្នកស្លាប់មានជាង៧ម៉ឺននាក់៕