(អេស្ប៉ាញ)៖ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅក្នុងប្រទេសអេស្ប៉ាញ បានធ្លាក់ចុះបួនថ្ងៃជាប់ៗគ្នា ខណៈមានការរំពឹងជាច្រើនថាប្រទេសអឺរ៉ុបមួយនេះ អាចនឹងឆ្លងផុតចំណុចកំពូល នៃជំងឺរាតត្បាតសកលមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាលអេស្ប៉ាញ អ្នកស្លាប់ថ្មីប្រចាំថ្ងៃ ដោយសារ COVID-19 គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ មានចំនួន៦៣៧នាក់ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបទូទាំង ប្រទេសកើនដល់ ១៣,០៥៥នាក់។ ប៉ុន្តែ តួលេខនេះមានការធ្លាក់ចុះ បើធៀបទៅនឹងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដែលមានជំងឺ៩៥០នាក់ឯណោះ បានស្លាប់ ត្រឹមរយៈពេល២៤ម៉ោង ហើយតួលេខនេះទៀតសោត គឺជាកម្រិតទាបបំផុតមួយគិតចាប់តាំងពីថ្ងៃទី២៤ ខែមីនា។ ក្រសួងសុខាភិបាលអេស្ប៉ាញ បន្ថែមថាចំនួនអ្នកឆ្លងវិញ ក៏បានកើនដល់ ១៣៥,០៣២នាក់ផងដែរ និង៤០,៤៣៧នាក់ជាសះស្បើយ។
គួរជម្រាបថា ប្រជាជនអេស្ប៉ាញទូទាំងប្រទេស បានរស់នៅក្រោមវិធានការរឹតត្បិតនៃការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន អស់រយៈពេលជាងបីសប្ដាហ៍មកហើយ ខណៈ វិធានការបិទប្រទេសនេះនឹងអូសបន្លាយរហូតដល់ចុងខែមេសា៕