(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រទេសរុស្ស៊ីពេលនេះបានរកឃើញករណីឆ្លង COVID-19 សរុប ៦,៣៤៣ករណីហើយ ដោយក្នុងនោះអ្នកឆ្លង ៩៥៤នាក់ថ្មីបន្ថែមទៀត ទើបតែបានប្រកាសនៅថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មាននោះឡើយ។
២៖ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់ប្រទេសកូរ៉េខាងត្បូង KCDC នាថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រជាជនកូរ៉េខាងត្បូងសរុបចំនួន ៥១នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានជាថ្មីម្តងទៀតនៃ COVID-19 ក្រោយពីពួកគេត្រូវបានជាសះស្បើយ ហើយចាកចេញពីមន្ទីរពេទ្យ។
៣៖ រាជរដ្ឋាភិបាលចក្រភពអង់គ្លេស បានបញ្ជាក់ថា ស្ថានភាពរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Boris Johnson ស្ថិតក្នុងស្ថានភាពដាក់អុកស៉ីហ្សែន ដើម្បីព្យាបាលជំងឺ Covid-19 ហើយរដ្ឋាភិបាលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់លោកដដែល ទោះបីជាលោកស្ថិតនៅក្នុងមន្ទីរពេទ្យក៏ដោយ។
៤៖ ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ អាល្លឺម៉ង់បានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៦៧៧ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសធំបំផុតប្រចាំសហភាពអ៊ឺរ៉ុបមួយនេះកើនលើស ១០០,០០០ករណីហើយ ក្នុងនោះអ្នកជំងឺជិត ១,៦០០នាក់បានស្លាប់បាត់បង់ជីវិត។
៥៖ ក្រសួងសុខាភិបាលថៃនាថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន៥១ករណីថែមទៀត ដែលជាអត្រា ធ្លាក់ចុះទាបគួរឲ្យកត់សម្គាល់ ហើយជាមួយគ្នានេះអ្នកជំងឺ៣នាក់ទៀតក៏បានស្លាប់ផងដែរ។
៦៖ មេបញ្ជាការនាវាដឹកយន្តហោះចម្បាំងអាមេរិក លោក ប្រ៊េត ក្រូហ្សឺ (Brett Crozier) ដែលថ្មីៗនេះ ទើបតែត្រូវបានក្រសួងការពារជាតិអាមេរិក សម្រេចដកហូតពីមុខតំណែង ត្រូវបានតេស្តរកឃើញថាឆ្លងជំងឺ COVID-19៕