(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីពេលនេះបានរកឃើញករណីឆ្លង COVID-19 សរុប ៦,៣៤៣ករណីហើយ ដោយក្នុងនោះអ្នកឆ្លង ៩៥៤នាក់ថ្មីបន្ថែមទៀត ទើបតែបានប្រកាសនៅថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មាននោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
មជ្ឈមណ្ឌលឆ្លើយតបនឹងជំងឺឆ្លងរបស់រុស្ស៊ី បានបញ្ជាក់ឲ្យដឹងទៀតថា ចំនួនមនុស្សស្លាប់ក៏បានកើនឡើងដល់ ៤៧នាក់ផងដែរ ខណៈមនុស្សជាសះស្បើយពី COVID-19 វិញមានសរុប ៤០៦នាក់។ សម្រាប់តំបន់ដែលទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ នោះគឺរដ្ឋធានីម៉ូស្គូ ដែលរ៉ាប់រងករណីឆ្លងសរុប ៤,៤៨៤ករណីក្នុងនោះ ៥៩១ករណីថ្មី ទើបតែត្រូវបានរាប់បញ្ចូលនៅថ្ងៃចន្ទនេះដែរ។
គួរបញ្ជាក់ថា ពេលនេះមនុស្សជាង ១៩៥,០០០នាក់នៅទូទាំងប្រទេសរុស្ស៊ី កំពុងស្ថិតនៅក្នុងការដាក់ឲ្យនៅដាច់ដោយឡែកពីគេ ដើម្បីធ្វើតេស្តរកវីរុសកូរ៉ូណា (COVID-19)។ ប្រជាជនរុស្ស៊ីទាំងអស់ (លើកលែងតែអ្នកដែលបម្រើការងារ ក្នុងស្ថាប័នពាក់ព័ន្ធចាំបាច់) ត្រូវបានបង្គាប់ឲ្យសម្រាកពីកិច្ចការងារ និងព្យាយាមស្នាក់នៅក្នុងផ្ទះពីថ្ងៃទី៣០ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា៕