(ទ្រីប៉ូលី)៖ កងកម្លាំងប្រដាប់អាវុធ ដែលស្ថិតនៅតំបន់ភាគខាងកើតប្រទេសលីប៊ី បានប្រកាសថា ខ្លួនបានបាញ់សម្លាប់កងកម្លាំងរដ្ឋាភិបាលលីប៊ីខាងលិច ដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) ចំនួន ៤១នាក់នៅភាគខាងត្បូងទីក្រុងទ្រីប៉ូលី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។
ការិយាល័យព័ត៌មានរបស់កងកម្លាំងប្រដាប់អាវុធ ដែលមានមូលដ្ឋាននៅភាគខាងកើតប្រទេសលីប៊ី បានបង្ហោះរូបភាពសាកសព នៃទាហានទាំងនោះ នៅក្នុងសមរភូមិប្រយុទ្ធ ដោយអះអាងថា ពួកគេជាកងម្លាំងរបស់រដ្ឋាភិបាល ដែលគាំទ្រដោយ UN។
ជាមួយគ្នានេះ កងម្លាំងនេះក៏បានប្រកាសឲ្យដឹងដែរថា កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ខ្លួនក៏បានបាញ់ទម្លាក់យន្តហោះដ្រូន ដែលផលិតដោយប្រទេសតួកគីចំនួន ០៣គ្រឿងជាកម្មសិទ្ធិរបស់កងកម្លាំងរដ្ឋាភិបាលគាំទ្រដោយ UN នៅជិតទីក្រុងមីស៊ូរ៉ាតា (Misurata) មានចម្ងាយប្រមាណតែ ២០០គីឡូម៉ែតប៉ុណ្ណោះពីទីក្រុងទ្រីប៉ូលី។
គួរបញ្ជាក់ថា កងកម្លាំងយោធាភាគខាងកើត បាននិងកំពុងបន្តធ្វើសកម្មភាពយោធា វាយប្រហារទៅលើទីក្រុងទ្រីប៉ូលី និងតំបន់ជុំវិញនោះចាប់តាំងតែពីខែមេសា ឆ្នាំ២០១៩ មកម្ល៉េះ ក្រោមគោលដៅព្យាយាមដណ្តើមកាន់កាប់ យករដ្ឋធានីរបស់លីប៊ី និងផ្តួលរំលំរដ្ឋាភិបាល ដែលមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ។
ចាប់តាំងពីមានការផ្ទុះជម្លោះប្រដាប់អាវុធរវាងភាគីទំាងពីរ វាបានបណ្តាលឲ្យជនស៊ីវិលស្លាប់ និងរបួសរាប់ពាន់នាក់ ខណៈច្រើនជាង ១៥០,០០០នាក់ត្រូវរត់ចោលផ្ទះសម្បែងរបស់ពួកគេ ដើម្បីសុវត្ថិភាព និងប្រជាពលរដ្ឋប្រមាណ ៣៤៥,០០០នាក់កំពុងស្ថិតក្នុងតំបន់សង្គ្រាម៕