(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ មានការឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣៩ករណីបន្ថែមទៀត នៅទូទាំងប្រទេស ក្នុងនោះ ៣៨ករណីជាករណីនាំចូលពីក្រៅប្រទេស ខណៈមានតែ ០១ករណីប៉ុណ្ណោះដែលជាករណីឆ្លងក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ។
គណៈកម្មការសុខាភិបាលចិន (NHC) បានគូសបញ្ជាក់ថា ០១ករណីខាងលើ ដែលជាករណីឆ្លងក្នុងស្រុក ត្រូវបានបានរាយការណ៍នៅខេត្តក្វាងទុង (Guangdong)។ ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការដដែលនេះបានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,០៧៨នាក់ហើយ ដោយក្នុងនោះ ១១៤នាក់ទើបតែត្រូវបានគេព្យាបាល ឲ្យជាសះស្បើយជាស្ថាពរឡើងវិញ កាលពីថ្ងៃអាទិត្យម្សិលមិញ។
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់ ៨១,៧០៨ករណី ក្នុងនោះ ៣,៣៣១នាក់បានបាត់បង់ជីវិត។
និយាយជារួមសម្រាប់ថ្ងៃអាទិត្យ ទី០៥ ខែមេសាម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ ៣៩ករណីប៉ុណ្ណោះ ហើយក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៣៩ករណីនេះទៀតសោត គឺមានតែ ០១ករណីប៉ុណ្ណោះដែលជាករណីឆ្លងក្នុងស្រុក ក្រៅពីនោះជាករណីនាំចូលពីក្រៅប្រទេសទាំងអស់ ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ ខណៈចំនួនអ្នកសា្លប់នៅថ្ងៃដដែលនេះមានត្រឹមតែ ០២នាក់ប៉ុណ្ណោះ នៅទូទាំងប្រទេសចិនតែម្តង៕