(តូក្យូ)៖ ប្រភពពីមន្រ្តីរដ្ឋាភិបាលជប៉ុន នាថ្ងៃចន្ទនេះបានឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នឹងប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្ននាពេលឆាប់ៗ ដោយសារតែមួយរយៈពេលចុងក្រោយនេះ ករណីឆ្លង COVID-19 នៅទីក្រុងតូក្យូ និងទីក្រុងធំៗដទៃទៀត មានការស្ទុះកើនឡើងខ្ពស់។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។
បច្ចុប្បន្នលោក អាបេ កំពុងទទួលរងសម្ពាធជាខ្លាំង ឲ្យប្រកាសដាក់ប្រទេសជប៉ុនក្នុងគ្រាអាសន្ន ដោយអភិបាលក្រុងជាពិសេសក្រុងតូក្យូ ក៏ដូចជាសមាគមគ្រូពេទ្យជប៉ុន កាន់តែទទូចទាមទារឲ្យរូបលោកធ្វើយ៉ាងដូច្នោះ។ អាជ្ញាធរព្រមទាំងក្រុមអ្នកជំនាញសុខាភិបាលទីក្រុងតូក្យូ បានលើកឡើងថា ចំនួនគ្រែមន្ទីរពេទ្យដែលនៅទំនេរ សម្រាប់ទទួលអ្នកជំងឺ អាចនឹងពេញក្នុងពេលមិនយូរឡើយ ហើយប្រសិនបើករណីឆ្លង នៅជប៉ុនកាន់តែបន្តកើនឡើងខ្ពស់ នោះប្រព័ន្ធសុខាភិបាលនៃប្រទេសជប៉ុនទាំងមូល អាចប្រឈមនឹងការដួលរលំតែម្តង ព្រោះទប់ទល់នឹងចំនួនអ្នកជំងឺមិនបាន។
គួរជម្រាបថា មុនពេលប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន នាយករដ្ឋមន្រ្តីជប៉ុននឹងត្រូវពិគ្រោះជាមួយក្រុមប្រឹក្សាផ្តល់យោបល់ នៃអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ហើយកម្រិតនៃការប្រកាសអាសន្ន ក៏នឹងត្រូវបំពេញតាមលក្ខណៈច្បាស់លាស់ មួយចំនួនផងដែរ។ ទីមួយ គឺការរីករាលនៃ COVID-19 ត្រូវវាយតម្លៃឃើញថា អាចបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិតរបស់ប្រជាជន ហើយទីពីរ គឺការរាតត្បាតយ៉ាងឆាប់រហ័សរបស់វា បង្កការគំរាមកំហែងខ្លាំងដល់ជីវិតរស់នៅរបស់ប្រជាជន ព្រមទាំងសេដ្ឋកិច្ចរបស់ប្រទេស។
ប្រសិនបើលោក អាបេ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន រដ្ឋាភិបាលជប៉ុននឹងមានអំណាចធំជាងមុន ដើម្បីគ្រប់គ្រងស្ថានការណ៍នៅក្នុងប្រទេស រួមមានសិទ្ធិបញ្ជាឲ្យ ប្រជាជនតាមតំបន់ ឬទូទាំងប្រទេសស្ថិតនៅក្នុងផ្ទះ សិទ្ធិហាមមិនឲ្យមានការប្រមូលផ្តុំនៅតាមទីតាំងណាមួយ សិទ្ធិគ្រប់គ្រងលើសម្ភារៈដែលចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស និងសិទ្ធិកាន់កាប់ដីធ្លី ឬសំណង់ឯកជន សម្រាប់ប្រើប្រាស់ក្នុងការផ្តល់ សេវាថែទាំងសុខភាពជាដើម។
ដោយឡែក គិតត្រឹមម៉ោង ១១៖០០នាទីព្រឹកថ្ងៃចន្ទនេះ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសជប៉ុនមាន ៣,៦៥៤នាក់ ក្នុងនោះស្លាប់ចំនួន ៨៥នាក់ និងជាសះស្បើយចំនួន ៥៧៥នាក់ ហើយទីក្រុងតូក្យូមានករណីឆ្លងច្រើនជាងគេគឺជាង ១,០០០នាក់៕