(វ៉ាស៊ីនតោន)៖ ខ្លាញីមួយក្បាលនៅក្នុងសួនសត្វ ប្រុនស៍ ហ្ស៊ូ (Bronx Zoo) ស្ថិតក្នុងទីក្រុងញូយ៉កសហរដ្ឋអាមេរិក ត្រូវបានគេតេស្តរកឃើញថា មានផ្ទុកជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។

អង្គការអភិរក្សសត្វព្រៃរបស់សួនសត្វ Bronx Zoo បានបញ្ជាក់នៅ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនយ៉ាងដូច្នេះថា សត្វខ្លាញីមកពីប្រទេសម៉ាឡេស៊ីមួយក្បាលអាយុ ០៤ឆ្នាំ ត្រូវបានគេតេស្តឃើញវិជ្ជមានចំពោះ COVID-19 ក្រោយពីសត្វខ្លាមួយក្បាលនេះ រួមទាំងសត្វខ្លាប្រាំក្បាលទៀត និងសត្វតោមួយក្បាលទៀត បានបង្ហាញជារោគសញ្ញា នៃជំងឺផ្លូវដង្ហើម។

បើតាមរដ្ឋបាលគ្រប់គ្រងសួនសត្វ Bronx Zoo បានឲ្យដឹងថា សត្វទាំងនេះគឺទំនងអាចឆ្លងតាមរយៈបុគ្គលិករបស់ខ្លួនម្នាក់ ដែលមានផ្ទុកជំងឺ COVID-19។ ក្រសួងសុខាភិបាលអាមេរិកបានណែនាំថា អ្នកណាម្នាក់ដែលធ្លាក់ខ្លួនឈឺ ដោយសារតែជំងឺដ៏កាចសាហាវនេះ ត្រូវតែកាត់បន្ថយការប៉ះពាល់ជាមួយសត្វ រួមទាំងសត្វចញ្ចឹមផងដែរ រហូតដល់មានការជូនដំណឹងបន្ថែមអំពីវីរុសនេះ៕