(ប៉េកាំង)៖ ចិននឹងមិនដាក់កំហិត ឬរឹតត្បិត ការផ្គត់ផ្គង់បរិក្ខាពេទ្យដល់បណ្ដាប្រទេសដទៃ ដើម្បីយកទៅប្រើប្រាស់នៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ COVID-19 នោះទេ។ នេះបើតាមមន្ត្រីត្រួតពិនិត្យមកពីនាយកដ្ឋានពាណិជ្ជកម្មបរទេសចិន លោកស្រី Jiang Fan ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Jiang Fan បានលើកឡើងដូច្នេះថា៖ «យើងនឹងមិនភ្លេចឡើយ ចំពោះបណ្ដាប្រទេសមួយចំនួនដែលបានជួយ យើងតាំងពីតំណាក់កាលដំបូងនៃការផ្ទុះឡើងនូវ COVID-19...បើទោះជាស្ថានភាពឆ្លងនៅក្នុងស្រុកមានការថមថយ ប៉ុន្តែវានៅតែបន្តឆ្លងរាតត្បាតជុំវិញ សកលលោក។ ដូច្នេះយើងនឹងផ្គត់ផ្គង់ ក៏ដូចជាគំាទ្រដល់បណ្ដាប្រទេស និងតំបន់ទាំងឡាយ»។
ចាប់តាំងពីថ្ងៃទី០១ ខែមីនាមក ចិនបាននាំចេញបរិក្ខាពេទ្យសំខាន់ៗ មានតម្លៃជាង ១.៤ពាន់លានដុល្លារ ក្នុងនោះរួមមាន ម៉ាស ចំនួន៣.៨៦ពាន់លាន, សម្លៀកបំពាក់ការពារ ៣៧លានឈុត , ឧបករណ៍វាស់ស្ថានភាពអ្នកជំងឺ ១៦,០០០គ្រឿង និងឧបករណ៍ធ្វើតេស្ដ ២.៨លានគ្រឿងជាដើម៕