(ម៉ាឌ្រីដ)៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយថាលោកនឹងស្នើឱ្យសភា អូសបន្លាយវិធានការដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេល១៥ថ្ងៃ បន្ថែមទៀត ពោលគឺរហូតដល់ថ្ងៃទី២៦ ខែមេសា ខណៈអត្រាអ្នកស្លាប់ និងឆ្លង COVID-19 នៅទូទាំងប្រទេស បានធ្លាក់ចុះជាថ្មីគិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃសៅរ៍ លោក Sanchez ក៏បានបញ្ជាក់ដែរថា វិធានការបិទប្រទេស ក្រោមការដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ផ្ដើមលេចចេញ ជាលទ្ធផលជាបណ្ដើរៗហើយ ប៉ុន្តែលោកនៅតែព្រមានថាការបន្តអូសបន្លាយអនុវត្តវិធានការនេះ អាចនឹងមិនមែនជាលើកចុងក្រោយនោះទេ។ លោកបន្ថែមដូច្នេះថា៖«យើង ចាប់ផ្ដើមមើលឃើញពីការធ្លាក់ចុះនៃការរាតត្បាតរបស់ COVID-19 ហើយវិធានការរឹតត្បិតខាងសេដ្ឋកិច្ចមួយចំនួន អាចនឹងត្រូវដកចេញនៅក្រោយពិធីបុណ្យ Easter។ ប៉ុន្តែខ្ញុំនឹង ស្នើឱ្យសភា ពន្យារពេលអនុវត្តវិធានការដាក់ប្រទេសក្រោមគ្រាអាសន្ន រហូតដល់ថ្ងៃទី២៦ ខែមេសា»។
គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ អេស្ប៉ាញមានអ្នកឆ្លង COVID-19 ១២៦,១៦៨នាក់ ក្នុងនោះស្លាប់ ១១,៩៤៧នាក់ និងជាសះស្បើយ ៣៤,២១៩នាក់៕