(ប៉ារីស)៖ វេជ្ជបណ្ឌិតបារាំងពីររូប គឺលោក ហ្សង់ ប៉ូល មៀរ៉ា (Jean-Paul Mira) និង លោក កាមី ឡុច៍ (Camille Locht) រងការចោទប្រកាន់ថាបានរើសអើងពូជសាសន៍ បន្ទាប់ពីអ្នកទាំងពីរ ស្នើឱ្យធ្វើការតេស្ដវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា មុនគេលើប្រជាជនក្នុងតំ បន់អាហ្វ្រិក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០។
ការលើកឡើងខាងលើរបស់វេជ្ជបណ្ឌិតបារាំងទាំងពីររូប ធ្វើឡើងកំឡុងផ្ដល់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍បារាំង LCI កាលពីថ្ងៃពុធកន្លងទៅ ស្ដីពីការធ្វើតេស្ដវ៉ាក់សាំងប្រឆាំង រីរុសកូរ៉ូណាដែលបង្កជាជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19 នៅក្នុងទ្វីបអឺរ៉ុប និងការតេស្ដវ៉ាក់សាំងប្រឆាំងមេរោគរបេង BCG សម្រាប់វីរុសដ៏កាចសាហាវនេះ នៅក្នុងប្រទេស អូស្ត្រាលី។
ឆ្លើយតបទៅនឹងសំនួរអ្នកសម្របសម្រួលកម្មវិធីទូរទស្សន៍ LCI លោក ហ្សង់ ប៉ូល មៀរ៉ា ដែលជាប្រធានអង្គភាពសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យ Cochin Hospital ក្នុងទីក្រុង ប៉ារីស បានគូសបញ្ជាក់ដូច្នេះ៖ « យើងធ្លាប់បានធ្វើតេស្ដដើម្បីសិក្សាពីជំងឺអេដស៍នៅតំបន់អាហ្វិ្រក ជាទីដែលអ្នករកស៊ីផ្លូវភេទងាយរងគ្រោះខ្ពស់ជាងគេ និងមិនចេះការពារ ខ្លួនឯង...ដូច្នេះតើយើងមិនគួរធ្វើតេស្ដ ឬការសិក្សាបែបនេះជាថ្មីនៅអាហ្វ្រិកទេឬ?»។ លោក កាមី ឡុច៍ ជានាយកស្រាវជ្រាវ នៅឯវិទ្យាស្ថានជាតិសុខាភិបាលបារំាង ក៏បាន គំាទ្រគំនិតរបស់លោក មៀរ៉ា ដែរ ដោយសង្កត់ធ្ងន់ថា៖«អ្នក (លោក មៀរ៉ា) និយាយត្រឹមត្រូវ ...យើងកំពុងគិតដូចគ្នាពីការសិក្សានៅក្នុងតំបន់អាហ្វ្រិក ដោយប្រើប្រាស់ វិធីសាស្ត្រតែមួយ ដូចធ្លាប់ធ្វើលើជំងឺអេដស៍»។
យ៉ាងណាក៏ដោយ ការរិះគន់បានផ្ទុះឡើងភ្លាមៗ លើបណ្ដាញទំនាក់ទំនងសង្គម ខណៈអ្នកខ្លះយល់ថាការលើកឡើងរបស់វេជ្ជបណ្ឌិតបារំាងទាំងពីររូប មានលក្ខណៈរើសអើង ពូជាសាសន៍។ ជាក់ស្ដែងនៅក្នុងសារបង្ហោះលើ Twitter អតីតខ្សែប្រយុទ្ធក្លឹបបាល់ទាត់តោខៀវ Chelsea សញ្ជាតិកូឌីវ័រ ឌីតឌីយ៉េ ដ្រុកបា (Didier Drogba) បានលើកឡើង ថា៖ «អាហ្វ្រិកមែនជាមន្ទីរពិសោធន៍នោះទេ ហើយខ្ញុំសូមថ្កោលទោសចំពោះការប្រមាថ, ពាក្យមិនពិត និងរើសអើងពូជសាសន៍របៀបនេះ»។
គួរជម្រាបថា បច្ចុប្បន្ន អាហ្វ្រិកទាំងមូលមាន COVID-19 ជិត ៧,៥០០ករណី និងមានមនុស្ស៣២០នាក់បានស្លាប់ ដែលនេះស្ថិតនៅកម្រិតទាបនៅឡើយ។ ប៉ុន្តែ ក្រុមអ្នកជំនាញ បារម្ភថាចំនួនអ្នកឆ្លងអាចនឹងមានច្រើនជាងនេះ ខណៈករណីឆ្លងខ្លះមិនទាន់រកឃើញ ដោយសារតែការខ្វះខាតការធ្វើតេស្ដ៕