(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជំរុញឱ្យបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក បញ្ជៀសការសង្ស័យគ្មានមូលដ្ឋាន និងកុំយកកិច្ចសហប្រតិបត្តិ ដើម្បីកេងចំណេញនយោបាយ នៅក្នុងការប្រយុទ្ធប្រឆាំងជាសកលនឹង COVID-19។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០។
ការកត់សម្គាល់ខាងលើរបស់លោក វ៉ាង យី ធ្វើឡើងកំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអ្នកតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប សម្រាប់កិច្ចការការបរទេស និងគោលនយោបាយសន្តិសុខ លោក Josep Borrell។ ក្នុងនោះជំនួបនេះ លោកប្រមុខការទូតចិន បានគូសបញ្ជាក់ដូច្នេះថា៖«ប្រឈមមុខនឹងវិបត្តិមិនធ្លាប់មានពីមុនមក បណ្ដាប្រទេសទាំងអស់ គួរតែបញ្ជៀសកេញចំណេញនយោបាយពីកិច្ចសហប្រតិបត្តិការប្រឆាំង COVID-19 ក៏ដូចជាបញ្ឈប់ជាបន្ទាន់នូវគំនិតសង្ស័យគ្មានមូលដ្ឋាន»។
លោក បន្ថែមថា វីរុសគ្មានព្រំដែន ហើយក៏មិនស្គាល់ជាតិសាសន៍ណាមួយនោះដែរ ដូច្នេះមានតែសាមគ្គីភាពអន្តរជាតិប៉ុណ្ណោះ ទើបអាចកម្ចាត់ COVID-19 បាន៕