(ប្រេស៊ីល)៖ សភាជាន់ទាបនៃប្រទេសប្រេស៊ីល បានបោះឆ្នោតអនុម័តហើយ លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ សម្រាប់«កញ្ចប់ថវិកាសង្រ្គាម» ដើម្បីបែងចែក ការចំណាយពាក់ព័ន្ធនឹង COVID-19 ចេញពីកញ្ចប់ថវិកាស្នូលរបស់រដ្ឋាភិបាល និងដើម្បីការពារសេដ្ឋកិច្ចជាតិ ខណៈអ្នកឆ្លង COVID-19 ទូទាំងប្រទេស កើនលើស ១០,០០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០។
វិសោធនកម្មរដ្ឋធម្មនុញ្ញ ស្ដីពី«កញ្ចប់ថវិកាសង្រ្គាម»ខាងលើ ត្រូវបានសភាជាន់ទាបប្រេស៊ីល ក្នុងការបោះឆ្នោតអនុម័តជុំទីមួយ ក្នុងសំឡេងគាំទ្រ៥០៥ ទល់នឹងមួយ នៃសំឡេងជំទាស់ និង៤២៣សំឡេងគំាទ្រ ទល់នឹង២សំឡេងជំទាស់ នៅក្នុងការបោះឆ្នោតជុំទី២។ ប្រធានសភាជាន់ទាបប្រេស៊ីល លោក Rodrigo Maia បានវាយតម្លៃថា ការចំណាយលើកញ្ចប់ថវិកាពិសេសនេះ អាចមានចន្លោះពី ៩៣.៥ពាន់លានដុល្លារ ដល់១១២.២២ពាន់លានដុល្លារ។
គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ បើតាមក្រសួងសុខាភិបាលប្រេស៊ីល ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ១០,២៧៨នាក់ ក្នុងនោះមាន៤៣១នាក់ បានស្លាប់៕