(អាមេរិក)៖ គិលានុបដ្ឋាយិកាម្នាក់នៅមន្ទីរពេទ្យមួយ ក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក បានយំរៀបរាប់ប្រាប់ពិភពលោកតាមបណ្តាញសង្គមហ្វេសប៊ុកថា មន្ទីរពេទ្យនៅអាមេរិកកំពុងមានបញ្ហាធ្ងន់ធ្ងរណាស់ ដោយខ្វះខាតនូវសម្ភារៈពេទ្យក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ Covid-19 សូម្បីតែម៉ាសក៏គ្រូពេទ្យគ្មានពាក់ដែរ។
គិលានុបដ្ឋាយិការូបនោះបានលាឈប់ពីការងារ ហើយបានរៀបរាប់តាមរយៈវិដេអូយ៉ាងដូច្នេះថា៖
«ខ្ញុំលាឈប់ពីការងារហើយនៅថ្ងៃនេះ។ ខ្ញុំបានទៅធ្វើការ ហើយខ្ញុំត្រូវបានគេប្រគល់ការងារឲ្យមើលខុសត្រូវលើអ្នកជំងឺ COVID-19 ម្នាក់នៅផ្នែកសង្រ្គោះបន្ទាន់។ នៅផ្នែកសង្រ្គោះបន្ទាន់នោះត្រូវបានប្រែក្លាយ ទៅជាកន្លែងផ្ទុកអ្នកជំងឺ COVID-19 នៅទីនោះមិនមានគិលានុបដ្ឋាយិកាណាម្នាក់ពាក់ម៉ាសការពារឡើយ សូម្បីតែម៉ាសពេទ្យធម្មតា (Surgical mask) តែខ្ញុំមានម៉ាស N95 របស់ខ្ញុំផ្ទាល់។ ខ្ញុំបានប្រាប់ទៅអ្នកគ្រប់គ្រងរបស់ខ្ញុំថា ខ្ញុំពិតជាយល់ថា យើងខ្វះខាត សម្ភារៈ ប៉ុន្តែសូមមេត្តាឲ្យរូបខ្ញុំការពារខ្លួនឯង ដើម្បីឲ្យខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាពពេលធ្វើការ... ខ្ញុំមានគ្រួសារដែលខ្ញុំត្រូវត្រឡប់ទៅជួបជុំនៅឯផ្ទះវិញ រីឯស្ថានការណ៍គឺមើលទៅ មិនអាចប្រសើរឡើងឡើយ... សហរដ្ឋអាមេរិកមិនបានត្រៀមលក្ខណៈគ្រប់គ្រាន់ទេ ហើយគ្រូពេទ្យដែលត្រូវមើលថែទាំអ្នកជំងឺ គឺមិនទទួលបានការការពារត្រឹមត្រូវទាល់តែសោះ»។
វិដេអូនេះត្រូវបានចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង២៣៖០០នាទីយប់ថ្ងៃទី០៤ ខែមេសានេះ សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចលេខ១លើលោក បូករួមអំណាចសេដ្ឋកិច្ចផងដែរ បែរជាមានករណីឆ្លងជំងឺកូវីដច្រើនជាងគេបំផុតលើពិភពលោក ខណៈមានអ្នកស្លាប់ជិត៨០០០នាក់ ច្រើនជាងបារាំង, អង់គ្លេស, ចិន នេះបើយោងតាមគេហទំព័រពិភពលោក Worldometers.info បង្ហាញតួលេខយ៉ាងដូច្នេះ៕