Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សង្គ្រាមដណ្តើមម៉ាស! អាល្លឺម៉ង់ចោទអាមេរិកថាបានក្លែងបន្លំយកម៉ាស ដែលខ្លួនបានទិញនោះ យកទៅវិញបាត់

04-04-2020 18:40

(ប៊ែរឡាំង)៖ សហរដ្ឋអាមេរិកត្រូវបានគេចោទប្រកាន់ ពីបទបង្វែរម៉ាសចំនួន ២០០,០០០ម៉ាស់ ដែលត្រៀមដឹកមកកាន់អាល្លឺម៉ង់នោះ យកទៅប្រើប្រាស់ផ្ទាល់ខ្លួនវិញ ដែលសកម្មភាពនេះត្រូវបានគេថ្កោលទោស និងចោទប្រកានថាជា «ចោរកម្មក្នុងសម័យទំនើប»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០។

រដ្ឋាភិបាលថ្នាក់តំបន់នៅក្នុងទីក្រុងប៊ែរឡាំងបានឲ្យដឹងថា ការបញ្ជូនម៉ាសផលិតដោយសហរដ្ឋអាមេរិកត្រូវបាន «រឹបអូសយកវិញ» នៅទីក្រុងបាងកក ប្រទេសថៃ។ ម៉ាស ឬរបាំងបិទមុខប្រភេទ FFP2 ដែលត្រូវបានអាល្លឺម៉ង់បញ្ជាទិញ សម្រាប់បំពាក់ឲ្យកម្លាំងប៉ូលីសទីក្រុងប៊ែរឡាំង មិនបានទៅដល់គោលដៅដូចការគ្រោងទុកនោះឡើយ។ ជុំវិញបញ្ហាខាងលើនេះ លោក អាន់ឌ្រាស ហ្គេស៊ែល (Andreas Geisel) រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃរដ្ឋាភិបាលទីក្រុងប៊ែរឡាំងបាននិយាយថា ម៉ាសទាំងនេះត្រូវបានគេបង្វែរទិសដៅ ហើយបញ្ជូនទៅសហរដ្ឋអាមេរិកវិញ។

ក្រុមហ៊ុនអាមេរិកដែលផលិតម៉ាសប្រភេទ 3M ខាងលើនេះ ត្រូវបានហាមឃាត់មិនឱ្យនាំចេញ ផលិតផលវេជ្ជសាស្រ្តរបស់ខ្លួន ទៅកាន់ប្រទេសផ្សេងៗទៀតឡើយ ដោយយោងទៅតាមច្បាប់ ដែលត្រូវបានប្រើប្រាស់តាំងពីសម័យសង្គ្រាមកូរ៉េ ត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដាក់ឲ្យអនុវត្តឡើងវិញនោះ។

នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បាននិយាយថា លោកកំពុងទាមទារឲ្យអនុវត្តច្បាប់លើផលិតកម្មនានា ពាក់ព័ន្ធវិស័យការពារជាតិ ដើម្បីទាមទារឱ្យក្រុមហ៊ុនអាមេរិក ផ្គត់ផ្គង់គ្រឿងបរិក្ខាវេជ្ជសាស្ត្របន្ថែមទៀត «ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក»

លោក ដូណាល់ ត្រាំ សង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅឯសេតវិមានយ៉ាងដូច្នេះថា «យើងត្រូវការរបស់ទាំងនេះភ្លាមៗ សម្រាប់ការប្រើប្រាស់នៅក្នុងស្រុក។ យើងត្រូវតែមានរបស់ទាំងនោះ»

គួរបញ្ជាក់ថា មិនទាន់មានមន្ត្រីអាមេរិកណាម្នាក់ បានបកស្រាយអំពីបញ្ហាខាងលើនេះឡើយ ប៉ុន្តែទង្វើដណ្តើមម៉ាសនេះ គឺបានកើតមានឡើងទៅលើបារាំងផងដែរ កាលពីប៉ុន្មានថ្ងៃមុននេះ ដោយម៉ាសសម្រាប់ប្រើប្រាស់នៅចំពោះមុខការរាតត្បាតនៃជំងឺ COVID-19 ដែលបារាំង បានបញ្ជាទិញពីចិននោះ ត្រូវបានអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ទិញយកទៅបាត់នៅនាទីចុងក្រោយ គឺនៅពេលប្រអប់ស្តុកម៉ាសទាំងនោះ កំពុងស្ថិតក្រោមការរង់ចាំជញ្ជូនទៅដាក់លើយន្តហោះ ដើម្បីដឹកទៅប្រទេសបារាំង៕