(ហ្សាការតា)៖ អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី បានប្រកាសនៅល្ងាចថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ នេះថា ចំនួនករណីឆ្លង COVID-19 នៅក្នុងប្រទេសធំជាងគេប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើងរហូតដល់ ២,០៩២ករណីហើយ ដោយក្នុងនោះអ្នកជំងឺសរុប ១៩១នាក់បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូណេស៊ីលោក អាកម៉ាត់ យូរៀនតូ (Achmad Yurianto) បានលើកឡើងថា ក្រៅពីចំនួនអ្នកឆ្លង និងស្លាប់កើនឡើងនោះ ចំនួនអ្នកជាសះស្បើយពីជំងឺ COVID-19 ក៏បានកើនឡើងដល់ ១៥០នាក់ផងដែរ។ សម្រាប់តំបន់កំពុងទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺរដ្ឋធានីហ្សាការតាផ្ទាល់តែម្តង ដែលមានប្រជាជនរស់នៅសរុប ១០លាននាក់ ដោយនៅទីនេះបានរ៉ាប់រងករណីស្លាប់រហូតដល់ ៨៩នាក់ ក្នុងចំណោមមនុស្សស្លាប់ ១៩១នាក់ទូទាំងប្រទេស។

គួរបញ្ជាក់ថា ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) បានប្រកាសអាសន្នផ្នែកសុខាភិបាលសាធារណៈ កាលពីពេលកន្លងទៅនេះ ដោយតម្រូវឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ចាត់វិធានការភ្លាមៗទៅកាន់កន្លែង ដែលត្រូវបានរាយការណ៍ថា មានផ្ទុះករណីឆ្លងជំងឺ COVID-19៕