(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន៩៤ ករណីបន្ថែមទៀតនៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះកើនដល់ ១០,១៥៦ករណី ក្នុងនោះ១៧៧នាក់បាត់បង់ជីវិត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នាថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០។
នៅក្នុងរបាយការណ៍ដដែលខាងលើ ក៏បានគូសបញ្ជាក់ដែរថា ក្នុងរយៈពេលដដែលនេះក៏មានអ្នកជំងឺចំនួន ៣០៤នាក់ផងដែរ ដែលត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ ដែលនាំឲ្យចំនួនសរុប នៃអ្នកជាសះស្បើយឡើងវិញបានកើនដល់ ៦,៣២៥ នាក់ក្នុងចំណោមករណីឆ្លងសរុបទាំង ១០,១៥៦ខាងលើ។
គួរជម្រាបថា តាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ កូរ៉េខាងត្បូងដែលត្រូវបានគេចាត់ទុកថាជា ប្រទេសមួយដែលរងគ្រោះធ្ងន់ធ្ងរជាងគេខ្លាំង ដោយសារជំងឺដ៏កាចសាហាវនេះនៅតំបន់អាស៊ីបន្ទាប់ពីចិន បានធ្វើតេស្តរកជំងឺ COVID-19 លើប្រជាពលរដ្ឋរបស់ខ្លួនសរុបប្រមាណជាង ៤៥៥,០០០នាក់នៅទូទាំងប្រទេស ក្នុងចំណោមនោះ ៤២៤,៧៣២ នាក់មានលទ្ធផល «អវិជ្ជមាន» ខណៈ២០,១៤៤នាក់ផ្សេងទៀត កំពុងតែស្ថិតក្នុងការតាមដានសុខភាព៕