(វ៉ាស៊ីនតោន)៖ មនុស្សជាង១២ម៉ឺននាក់បានចុះហត្ថលេខាលើញត្តិមួយអំពាវនាវដល់កងទ័ពរជើងទឹកសហរដ្ឋអាមេរិក ឲ្យប្រគល់តំណែងដូចដើមវិញឲ្យទៅមេបញ្ជាការនៃនាវាដឹកយន្តហោះចម្បាំងមានករណីឆ្លង COVID-19 ដែលទើបតែត្រូវបានដកហូតពីមុខតំណែង ក្រោយលោកបានផ្ញើលិខិតសំងាត់មួយទៅកាន់ថ្នាក់លើ ដើម្បីស្នើសុំជំនួយយកមកទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅលើនាវារបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នាថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០។
លោកប្រ៊េត ក្រូហ្សឺ (Brett Crozier) ដែលជាមេបញ្ជាការ នៃនាវាដឹកយន្តហោះចម្បាំងមួយគ្រឿង ដែលមានឈ្មោះថា USS សៀដ័រ រូសវែលត៍ (Theodore Roosevelt) ត្រូវបានកងទ័ពជើងទឹកសហរដ្ឋអាមេរិកសម្រេចចិត្តដកហូតចេញពីមុខតំណែង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយមានការលេចធ្លាយសារសម្ងាត់មួយ ដែលលោកបានផ្ញើទៅថ្នាក់លើ ដើម្បីស្នើសុំជំនួយយកមកទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅលើនាវារបស់ខ្លួន។
កាលពីថ្ងៃសុក្រម្សិលមិញនេះ ពោលកន្លងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក Crozier ត្រូវបានគេដកហូតមុខតំណែង ញត្តិមួយដែលបានធ្វើឡើងនៅលើគេហទំព័រ Change.org ត្រូវបានមនុស្សជាង ១២៣,០០០ នាក់បានចុះហត្ថលេខា ដើម្បំអំពាវនាវឲ្យប្រគល់តំណែងមកឲ្យគាត់វិញ។
នៅក្នុងញត្តិដែលបានចុះហត្ថលេខាដោយប្រជាពលរដ្ឋអាមេរិកប្រមាណជាង ១២ ម៉ឺននាក់ខាងលើបានលើកឡើងយ៉ាងដូច្នេះថា «សកម្មភាពរបស់លោក Crozier ប្រហែលជាបានជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់។ ទោះបីជាគាត់ត្រូវបានដកហូតចេញពីមុខតំណែងក៏ដោយ ផែនការរបស់គាត់ដើម្បីជម្លៀសនាវិកចេញដោយសុវត្ថិភាពនៅតែត្រូវបានអនុវត្ត។ គាត់គឺជាវីរៈបុរសដែលគួរតែទទួលបានពានរង្វាន់»។
គួរជប្រាបថា លោក Crozier បានផ្ញើលិខិតសម្ងាត់មួយទៅកាន់កងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិក ចំណុះឲ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិក កាលពីដើមសប្តាហ៍នេះ ដើម្បីរាយការណ៍ទៅក្រុមមន្រ្តីរដ្ឋាភិបាលសហព័ន្ធ អំពីការផ្ទុះឡើងនៃជំងឺ COVID-19 នៅលើនាវា USS Theodore Roosevelt របស់ខ្លួន ហើយបានស្នើសុំឲ្យមន្ទីរបញ្ចកោណ ផ្តល់នូវធនធានបន្ថែមសម្រាប់គ្រប់គ្រងស្ថានការណ៍ ព្រមទាំងបានស្នើសុំឲ្យជម្លៀសនាវិកប្រមាណ ៤,០០០ នាក់ចេញពីវានា ដើម្បីដាក់ពួកគេឲ្យនៅដាច់ដោយឡែក ប៉ុន្តែសារនោះត្រូវបាន លេចធ្លាយទៅកាន់ប្រព័ន្ធសារព័ត៌មាន៕