(ប៉េកាំង)៖ ក្រសួងសន្តិសុខសាធារណៈនៃប្រទេសចិនបានឲ្យដឹងថា មន្រ្តីប៉ូលិសចិនសរុបចំនួន ៦០នាក់បានបាត់បង់ជីវិត ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងសន្តិសុខសាធារណៈចិន មន្រ្តីប៉ូលិសដែលបានពលីជីវិតទាំងនោះ ដែលរួមមាន ០៨នាក់មកពីខេត្តហ៊ូប៉ី (Hubei) ដែលជាចំណុចផ្ទុះខ្លាំងនៃការឆ្លងរាលដាល បានខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួននៅជួរមុខ ក្នុងយុទ្ធនាការប្រយុទ្ធនឹង COVID-19 ដោយពួកគេបានតាមរកអ្នកជំងឺ ឬអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺ ឬមួយក៏វែករកបទល្មើស ពាក់ព័ន្ធនឹងសម្ភារៈសម្រាប់ប្រឆាំងនឹងវីរុស។
គួរជម្រាបថា នាព្រឹកថ្ងៃសៅរ៍នេះប្រទេសចិនទាំងមូល បានរៀបចំពិធីកាន់ទុក្ខ សម្រាប់គ្រូពេទ្យ ប៉ូលិស ព្រមទាំងមន្រ្តីគ្រប់កម្រិតរបស់ខ្លួន រួមជាមួយជនរួមជាតិចិនទាំងអស់ ដែលត្រូវបានជំងឺ COVID-19 ឆក់យកជីវិត។
បើតាមរបាយការណ៍ចុងក្រោយពីអាជ្ញាធរសុខាភិបាលចិន ចំនួនអ្នកឆ្លង COVID-19 នៅចិនមានចំនួន ៨១,៦៣៩នាក់ ក្នុងនោះស្លាប់ ៣,៣២៦នាក់ រីឯជាះស្បើយវិញគឺដល់ទៅ ៧៦,៧៥១នាក់ ដែលប្រការនេះមានន័យថា បច្ចុប្បន្នចិននៅសល់អ្នកជំងឺប្រមាណជាង ១,៥០០នាក់ទៀតប៉ុណ្ណោះដែលកំពុងផ្ទុកជំងឺនេះ និងស្ថិតក្នុងការព្យាបាល៕