(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុនបានប្រកាសថា ករណីឆ្លងសរុបនៃជំងឺ COVID-19 បានកើនឡើងដល់ ៣,១៤២ករណីហើយ នៅទូទាំងប្រទេសដីកោះមួយនេះ ក្នុងនោះអ្នកជំងឺ ៨៩នាក់បានបាត់បង់ជីវិត និង ១,១៣៣នាក់ជាសះស្បើយ គិតត្រឹមព្រឹកថ្ងៃសៅរ័ ទី០៤ ខែមេសា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
សម្រាប់តំបន់ដែលកើតមានករណីឆ្លង COVID-19 ច្រើនជាងគេនោះគឺ ទីក្រុងតូក្យូមាន ៧៧៣ករណី, ទីក្រុងអូសាកា ៣៤៦ករណី, ខេត្តឈីបា ២១០ករណី និងខេត្តហុកកៃដូ ១៩០ករណី។ បច្ចុប្បន្នអ្នកជំងឺ ៧៣នាក់កំពុងស្ថិតនៅក្នុងអការរោគធ្ងន់ធ្ងរ និងត្រូវជួយសង្គ្រោះបន្ទាន់។
គួរបញ្ជាក់ថា អភិបាលទីក្រុងតូក្យូកាលពីថ្ងៃសុក្រម្សិលមិញនេះ បានជំរុញឲ្យនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ ដាក់ប្រទេសជប៉ុនទៅក្នុងគ្រាអាសន្ន ដើម្បីកុំឲ្យមានការផ្ទុះករណីឆ្លង COVID-19 ក្នុងទ្រង់ទ្រាយធំ ប៉ុន្តែកន្លងមកនេះលោក អាបេ ហាក់ពិបាកក្នុងការសម្រេចចិត្ត ក៏ព្រោះតែវាបង្កផលប៉ះពាល់អវិជ្ជមាន ដ៏ធំធេង លើសេដ្ឋកិច្ចប្រទេសជាតិ ដែលកំពុងយ៉ាប់យ៉ឺនស្រាប់ទៅហើយ៕