(បរទេស)៖ រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសជាសមាជិកអង្គការ NATO បានឯកភាពគ្នាលើចំណាត់ការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃជំងឺឆ្លង COVID-19 ដែលកំពុងវាយលុកពិភពលោក ជាពិសេសបណ្តាសមាជិក អង្គការយោធាមួយនេះទាំងអស់ ៣០ប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០។
អគ្គលេខាធិការនៃអង្គការ NATO លោក ហ្សង់ ស្តូលធិនប៊ឺក (Jens Stoltenberg) បានលើកឡើងថា NATO ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយវិបត្តិផ្សេងៗ ហើយបច្ចុប្បន្ន NATO កំពុងតែប្រឹងប្រែងធ្វើការសម្របសម្រួល និងជួយគាំទ្រដល់សមាជិករបស់ខ្លួន ក្នុងការប្រឆាំងតទល់ជាមួយជំងឺ COVID-19។ លោក Stoltenberg បានបន្តថា មួយរយៈមកនេះអង្គការ NATO បានផ្តល់ជំនួយ តាមរយៈការដឹកជញ្ជូនបរិក្ខាពេទ្យសំខាន់ៗ ការផ្តល់បុគ្គលិក និងសម្ភារសុខាភិបាល ក៏ដូចជាការធានានូវការផ្តល់ព័ត៌មាន ដែលមានតម្លាភាព និងទាន់ពេលវេលា។
គួរជម្រាបថា បើតាមលោក Stoltenberg បន្ទាប់ពីកិច្ចប្រជុំរវាងក្រុមរដ្ឋមន្រ្តីការបរទេស NATO ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ តាមរយៈវីដេអូឆ្លើយឆ្លង នៅពាក់កណ្តាលខែមេសានេះ NATO នឹងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិថែមទៀត តាមរយៈមធ្យោបាយដូចគ្នា ដើម្បីពិភាក្សាអំពីផលប៉ះពាល់រយៈពេលវែង នៃជំងឺឆ្លងរាតត្បាត COVID-19៕