(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក WHO បានប្រកាសថា ម៉ាសពេទ្យ ឬហៅថា Surgical Mask គួរតែត្រូវបានផ្តល់អាទិភាពសម្រាប់បុគ្គលិកសុខាភិបាលជាអ្នកប្រើប្រាស់ ខណៈម៉ាស់ប្រភេទផ្សេងដែលធ្វើដោយដៃ ឬរបាំងបិទមុខដទៃៗទៀត ក៏អាចប្រើសប្រាស់សម្រាប់សាធារណៈជន ក្នុងកាត់បន្ថយការឆ្លងរាលដាលនៃជំងឺ COVID-19 បានផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០។
មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក បានប្រាប់អ្នកសារព័ត៌មានថា លទ្ធភាពដែលថា វីរុស COVID-19 អាចឆ្លងតាមរយៈខ្យល់អាកាសបាន នោះគឺជារឿងពិត។ ពីព្រោះឥឡូវនេះវាបានចម្លងទៅកាន់មនុស្សជាង ១លាននាក់ និងបានសម្លាប់មនុស្សជាង ៥០,០០០ នាក់ហើយនៅទូទាំងពិភពលោក ចាប់តាំងពីវីរុសនេះបានលេចឡើងដំបូងនៅប្រទេសចិនកាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ។
ទោះជាយ៉ាងណា កត្តាជំរុញដ៏សំខាន់ នៃការឆ្លងរាតត្បាតយ៉ាងឆាប់រហ័សនៃជំងឺ COVID-19 នេះត្រូវបានគេជឿជាក់ថា តាមរយៈដំណក់ទឹកតូចៗរបស់ក្អក ឬកណ្តាស់របស់អ្នកជំងឺ ដែលនៅលើស្រទាប់វត្ថុនានា ឬការប៉ះពាល់មនុស្សដទៃទៀតដោយផ្ទាល់។
ជុំវិញបញ្ហាខាងលើនេះ លោក ម៉ៃក៍ រីយ៉ាន (Mike Ryan) អ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់របស់ អង្គការសុខភាពពិភពលោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងត្រូវតែថែរក្សាម៉ាសពេទ្យ ឬ Surgical Mask សម្រាប់បុគ្គលិកសុខាភិបាលជួរមុខរបស់យើង។ ប៉ុន្តែគំនិតដែលថា យកម៉ាសប្រភេទនេះមកប្រើប្រាស់សម្រាប់ការពារលារក្អក ឬកណ្តាស់កុំឲ្យប៉ះពាល់ដល់បរិស្ថាន និងអ្នកដទៃ ក៏មិនមែនជាគំនិតអាក្រក់ដែរ»។ មន្ត្រីជាន់ខ្ពស់ WHO រូបនេះបានបន្ថែមទៀតថា ការពាក់ម៉ាសគួតែជារឿងចាំបាច់ ប៉ុន្តែលោកអ្នកក៏មិនត្រូវភ្លេចលាងសម្អាតដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតពីគ្នានោះដែរ។
ជាមួយគ្នានេះលោកក៏បានយល់ស្របដែរថា ការប្រើប្រាស់ម៉ាសដែលធ្វើដោយដៃ ឬម៉ាស់ក្រណាត់នៅក្នុងសហគមន៍ ក៏អាចជួយក្នុងការកាត់បន្ថយការឆ្លងរាតត្បាត នៃជំងឺ COVID-19 ដ៏កាចសាហាវនេះផងដែរ។ ក្រៅពីអង្គការ WHO មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺអាមេរិក CDC ក៏បានចេញសេចក្តីណែនាំដល់ពលរដ្ឋអាមេរិកដូចគ្នានេះផងដែរ ចំពោះការប្រើប្រាស់ម៉ាសបិទមុខទៅតាមការស្ម័គ្រចិត្ត ប៉ុន្តែសម្រាប់ប្រភេទម៉ាសពេទ្យ ឬម៉ាសវេជ្ជសាស្ត្រកម្រិតខ្ពស់ គួរតែត្រូវសន្សំទុកសម្រាប់បុគ្គលិកសុខាភិបាលជួរមុខ ដែលកំពុងប្រយុទ្ធហ្នឹង COVID-19៕