(តូរ៉ុនតូ)៖ អាជ្ញាធរខេត្តអនតារីយ៉ូ (Ontario) ដែលជាខេត្តមានប្រជាជនរស់នៅច្រើនមួយ នៅប្រទេសកាណាដាបានព្យាករណ៍ថា ប្រជាជនយ៉ាងហោចណាស់ពី ៣,០០០-១៥,០០០នាក់ប៉ុណ្ណោះនឹងត្រូវស្លាប់ តែនៅក្នុងខេត្តមួយនេះប៉ុណ្ណោះ ប្រើសិនបើវិធានការទប់ស្កាត់ COVID-19 ដូចសព្វថ្ងៃនេះ នៅតែបន្តអនុវត្តន៍យ៉ាងល្អទៅមុខទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០។
ប្រធានស្ថាប័នសុខាភិបាលសាធារណប្រចាំខេត្ត Ontario លោក ភីធើ ដុនណែលលី (Peter Donnelly) បានព្រមានថា ប្រសិនបើគ្មានដំណោះស្រាយដូចសព្វថ្ងៃនេះ ទៅលើប្រព័ន្ធគ្រប់គ្រងវិស័យសុខាភិបាលសាធារណទេនោះប្រជាជននៅក្នុងខេត្តនេះរហូតដល់ ១០០,០០០នាក់ឯណោះនឹងត្រូវស្លាប់ដោយសារតែជំងឺ COVID-19 នៅក្នុងខេត្តនេះតែមួយប៉ុណ្ណោះ។
លោក Peter Donnelly បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ដោយសារតែបែបនេះហើយ ទើបយើងចាំបាច់ត្រូវធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ ដែលអាចធ្វើទៅបាន ហើយត្រូវតែបន្តដំណើរឆ្ពោះទៅមុខ។ ប្រសិនបើយើងធ្វើការងារល្អ និងហ្មត់ចត់ចំពោះវិធានការដែលមានស្រាប់នេះ យើងអាចកាត់បន្ថយចំនួនមនុស្សស្លាប់ឲ្យមកនៅត្រឹម ៣,០០០-១៥,០០០នាក់»។
គួរបញ្ជាក់ថា ខេត្ត Ontario របស់កាណាដាកំពុងរ៉ាប់រងករណីឆ្លង COVID-19 សរុប ៣,២៥៥ករណី ក្នុងនោះអ្នកជំងឺ ៦៧នាក់ស្លាប់ ខណៈប្រទេសកាណាដាទាំងមូលមានអ្នកឆ្លង COVID-19 សរុប ១២,៣៧៥ករណី ក្នុងនោះស្លាប់សរុប ២០៨នាក់ និងជាសះស្បើយវិញសរុប ២,១៨៦នាក់។ នេះបើតាមការដកស្រង់តួលេខចុងក្រោយនៅម៉ោង ៨៖៣០នាទីព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ ពីគេហទំព័រ Worldometer៕