(ហាណូយ)៖ ការរីកលូតលាស់សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសវៀតណាមត្រូវបានរំពឹងថា នឹងមានកំណើនយឺតយ៉ាវមកនៅត្រឹម ៤.៨ភាគរយនៅក្នុងឆ្នាំ២០២០នេះ ដោយសារតែការឆ្លងរាតត្បាតនៃជំងឺ COVID-19។ នេះបើតាមការព្យាករណ៍របស់ ធនាគារអភិវឌ្ឍអាស៊ី (ADB) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០។
នៅក្នុងរបាយការណ៍ថ្មីរបស់ខ្លួន ដែលត្រូវបានចេញផ្សាយនៅថ្ងៃសុក្រនេះ ADB បានទម្លាក់កំណើននៃការព្យាករណ៍ ស្របពេល COVID-19 អាចនឹងបង្កការខាតបង់ដល់សេដ្ឋកិច្ចវៀតណាម ទាំងការផ្គត់ផ្គង់ និងការបញ្ជាទិញស្ទើរតែនៅក្នុងគ្រប់វិស័យទាំងអស់។ ADB ក៏បានឱ្យដឹងដែរថា អតិផរណានឹងកើនឡើងក្នុងកម្រិតមធ្យម នៅក្នុងឆ្នាំ២០២០នេះ ហើយសម្ពាធនៃអតិផរណា អាចនឹងកើនឡើងរឹតតែខ្លាំង បើសិនជាការឆ្លងរាតត្បាតនៃជំងឺ COVID-19 កាន់តែមានសភាពអាក្រក់ឡើង។
វៀតណាមអាចជួបប្រទះកំណើនផលិតផលក្នុងស្រុកសរុប ឬ GDP ប្រមាណ ៣.៨២ភាគរយ នៅត្រីមាសទីមួយក្នុងឆ្នាំនេះ ដែលនេះគឺជាអតា្រមួយទាប កំឡុងពេលរាប់ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២០។ ពោលគឺ GDP របស់វៀតណាមធ្លាប់មានកំណើន ៧.០២ភាគរយកាលពីឆ្នាំ២០១៩ ដោយកើនឡើងពីអត្រាប្រចាំឆ្នាំ តាមផែនការកំណត់ពីចន្លោះ ៦.៦-៦.៨ភាគរយ ហើយដាក់គោលដៅចង់បានកំណើន GDP ប្រមាណ៦.៨ភាគរយ នៅក្នុងឆ្នាំ២០២០នេះ។
គួរបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មធំបំផុតរបស់វៀតណាម គឺជាមួយប្រទេសចិន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ បើទោះបីជាស្ថានភាពនៅចិន ហាក់ប្រសើរឡើងទៅហើយក្តី ប៉ុន្តែសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុបនៅតែកំពុងរងគ្រោះ កាន់តែធ្ងន់ធ្ងរដោយសារតែជំងឺរាតត្បាតសកល COVID-19 ហេតុដូច្នេះការធ្វើពាណិជ្ជកម្មរបស់វៀតណាម នឹងរងផលអាក្រក់កាន់តែខ្លាំងឡើងៗ៕