(តូក្យូ)៖ អភិបាលទីក្រុងតូក្យូលោកស្រី យូរីកុ កូអ៊ីកិ (Yuriko Koike) បានថ្លែងនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុនគួរតែប្រកាសអាសន្នថ្នាក់ជាតិតែម្តង ចំពោះមុខបញ្ហា COVID-19 ដើម្បីបញ្ចេញជាសារដ៏ខ្លាំងក្លាមួយ ដែលអាចឲ្យទប់ស្កាត់មិនឲ្យជំងឺរាតត្បាតសកលនេះ ផ្ទុះឡើងទ្រង់ទ្រាយធំបាន។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០។
ចំពោះមុខការស្រែកទាមទារឱ្យមានការរឹតបន្តឹង លើសកម្មភាពសង្គមរបស់ប្រជាជន ដើម្បីទប់ស្កាត់ការកើនឡើងនៃការឆ្លងវីរុសកូរ៉ូណានោះ រដ្ឋាភិបាលជប៉ុនកន្លងមកហាក់មានភាពស្ទាក់ស្ទើរ នៅក្នុងការប្រកាសអាសន្ន ដែលប្រទេសជាច្រើនបានធ្វើរួចមកហើយ។ រដ្ឋាភិបាលជប៉ុនបានទាញយកការព្រមាន ពីការខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលនឹងអាចកើតកើតឡើងពីការរឹតត្បិតធ្ងន់ធ្ងរពេក ខណៈដែលសេដ្ឋកិច្ចនៃប្រទេសមហាអំណាចលេខ ៣ លើលោកមួយនេះ កំពុងរងវិបត្តិស្រាប់ទៅហើយ។
ទោះបីជាបែបនេះក្តី កន្លងមកនេះលោកនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ីនហ្សូ បានបង្គាប់ឱ្យបិទទ្វារសាលារៀន និងអំពាវនាវដល់ពលរដ្ឋចៀសវាងការប្រមូលផ្តុំ និងចេញដើរហើរទៅទីសាធារណ ដែលមិនមានភាពចាំបាច់ ឬបន្ទាន់ ខណៈជប៉ុនកំពុងត្រៀមបញ្ចេញផែនការ លើកស្ទួយសេដ្ឋកិច្ចនៅសប្តាហ៍ក្រោយ ទោះបីជាលោក អាបេ បានទទួលស្គាល់ថាប្រទេសនេះ ពិបាកជៀសវាងករណីឆ្លង ដែលចេះតែកើនឡើងជាលំដាប់ក៏ដោយ។
គួរបញ្ជាក់ថា កន្លងមកខេត្តហុកកៃដូបានប្រកាសដាក់ខ្លួនឯង ទៅក្នុងគ្រាមានអាសន្ន ព្រោះតែមានការផ្ទុះករណីឆ្លងក្នុងកម្រិតខ្ពស់ជាងគេ។ យោងតាមតួលេខចុងក្រោយ ជប៉ុនមានករណីឆ្លង COVID-19 សរុប ២,៦១៧ករណីក្នុងនោះស្លាប់ ៦៣នាក់ និងជាសះស្បើយវិញ ៥១៤នាក់៕