(ញ៉ូវដេលី)៖ ប្តីប្រពន្ធជនជាតិឥណ្ឌាមួយគូ បានដាក់ឈ្មោះកូនភ្លោះរបស់ពួកគេ ដែលទើបតែកើតថា កូរ៉ូណា (Corona) និង កូវីត (Covid) ដើម្បីរំលឹកអំពីគ្រាលំបាក ដែលពួកគេបានឆ្លងកាត់នៅពេលមានការឆ្លងរាលដាល នៃជំងឺរាតត្បាតសកល COVID-19 ដែលកំពុងញាំញីប្រទេសឥណ្ឌាខ្លាំងឡើងៗ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នារសៀលថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០។
នៅពេលដែលប្រទេសឥណ្ឌាទាំងមូលត្រូវបានបិទទ្វារ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 នៅទូទាំងប្រទេស ក៏ដូចជាពិភពលោកទាំងមូល គូស្វាមីភរិយាមួយគូមកពីទីក្រុង រ៉ៃភើ (Raipur) ប្រទេសឥណ្ឌាបានសម្រេចចិត្តដាក់ឈ្មោះឲ្យកូនភ្លោះ ប្រុសម្នាក់-ស្រីមា្នក់របស់ពួកគេដែលទើបតែកើតថា កូវីត (Covid) និង កូរ៉ូណា (Corona)។
ស្ត្រីជាម្តាយអាយុ ២៧ឆ្នាំបានប្រាប់អ្នកសារព័ត៌មានថា «វីរុសនេះពិតជាមានគ្រោះថ្នាក់ និងគំរាមកំហែងដល់អាយុជីវិតមនុស្ស។ ប៉ុន្តែវីរុសនេះក៏វាមានចំនុចល្អរបស់វាដែរ នៅត្រង់ថា វាធ្វើឲ្យមនុស្សផ្តោតអារម្មណ៍លើអនាម័យ និងទម្លាប់រស់នៅល្អផងដែរ។ ដូច្នេះយើងក៏នឹកឃើញដល់់ឈ្មោះទាំងនេះ»។
គួរជម្រាបថា ឥណ្ឌាដែលមានចំនួនប្រជាជនប្រមាណ ១.៤ពាន់លាននាក់ រហូតមកទល់នឹងពេលនេះបានកត់ត្រាចំនួនអ្នកឆ្លងសរុបនៃជំងឺ COVID-19 ចំនួន ២,៥៦៧ករណី ក្នុងនោះ ៧២នាក់ស្លាប់បាត់បង់ជីវិត។ ប្រទេសឥណ្ឌាដែលបាន ដង់ស៊ីតេប្រជាជនរស់នៅយ៉ាងណែនណាន់តាន់តាប់ ស្ទើរគ្រប់ច្រកល្ហកនោះ ក៏ព្រោះតែមានការព្រមានពីសោកនាដកម្ម ដែលនឹងកើតឡើងប្រសិនប្រទេសនេះ មិនអាចទប់ស្កាត់ទាន់ពេលវេលា នៃការឆ្លងរាលដាល COVID-19 នោះ៕