(ប៉េកាំង)៖ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ប្រទេសចិននឹងរៀបចំពិធីកាន់ទុក្ខនៅទូទាំងប្រទេសតែម្តងជូនចំពោះ ក្រុមគ្រូពេទ្យ មន្ត្រីប៉ូលិស និងមន្រ្តីស៊ីវិលគ្រប់ជាន់ថ្នាក់ ដែលបានពលីជីវិតក្នុងកិច្ចប្រឹងប្រែង ប្រយុទ្ធប្រឆាំងជំងឺ COVID-19 រួមជាមួយជនរួមជាតិចិនរាប់ពាន់នាក់ផ្សេងទៀត ដែលបានស្លាប់ដោយសារជំងឺនេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលចិន កំឡុងការកាន់ទុក្ខនៅថ្ងៃស្អែកនេះ ទង់ជាតិទាំងអស់នៅទូទាំងប្រទេសចិន នឹងត្រូវបង្ហួតនៅត្រឹមពាក់កណ្តាលដង ហើយនៅគ្រប់ស្ថានទូតក៏ដូចជាស្ថានកុងស៊ុលរបស់ចិន នៅឯបរទេសក៏នឹងធ្វើដូចគ្នាបែបនេះ។
ចំណែកឯសកម្មភាពលក្ខណៈកម្សាន្តសប្បាយរីករាយនៅក្នុងប្រទេស នឹងត្រូវផ្អាកជាបណ្តោះអាសន្ន។ ជាមួយគ្នានេះនៅវេលាម៉ោង ១០៖០០នាទីព្រឹកថ្ងៃសៅរ៍ ប្រជាពលរដ្ឋចិននៅទូទាំងប្រទេស នឹងធ្វើការស្មឹងស្មាធរយៈពេល ០៣នាទី ដើម្បីកាន់ទុក្ខដល់អ្នក ដែលបានបាត់បង់ជីវិត ខណៈសំឡេងសារ៉ែនផ្សេងៗ នឹងត្រូវបន្លឺឡើងក្នុងលក្ខណៈសោកសៅ។
គួរជម្រាបថា យោងតាមរបាយការណ៍ចុងក្រោយបំផុត ពីអាជ្ញាធរសុខាភិបាលចិននាព្រឹកថ្ងៃសុក្រនេះ ជំងឺ COVID-19 បានផ្តាច់ជីវិតមនុស្សសរុប ៣,៣២២នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៨១,៦២០នាក់។ យ៉ាងណាមិញអ្នកជំងឺដល់ទៅ ៧៦,៥៧១នាក់ បានជាសះស្បើយឡើងវិញ ខណៈតួលេខអ្នកឆ្លងថ្មីប្រចាំថ្ងៃគឺនៅក្រោម ១០០នាក់ ដែលសុទ្ធសឹងតែជាករណីនាំចូលមកពីក្រៅប្រទេស ហើយចំនួនអ្នកស្លាប់ថ្មីក៏មានតិចតួចដែរ។ តួលេខនេះ មិនរាប់បញ្ចូលទីក្រុងហុងកុង ទីក្រុងម៉ាកាវ និងកោះតៃវ៉ាន់នោះទេ៕