(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោកបានធ្វើតេស្តរក COVID-19 ជាលើកទីពីរ តាមរយៈការប្រើឧបករណ៍ធ្វើតេស្តរហ័ស ដែលចេញលទ្ធផលក្នុងពេលមិនដល់ ១៥នាទីឡើយ ហើយលទ្ធផលបានបង្ហាញថា លោកនៅតែមិនបានឆ្លងជំងឺនេះទេ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០។
យោងតាមវេជ្ជបណ្ឌិតប្រចាំសេតវិមានលោក ស៊ាន ខុនឡេយ (Sean Conley) លោក ត្រាំ បានសម្រេចធ្វើតេស្តជាលើកទីពីរបែបនេះ គឺដោយសារតែលោក ចង់សាកល្បងសមត្ថភាពរបស់ឧបករណ៍ធ្វើតេស្តរហ័សថ្មីនោះ ដែលត្រូវបានទីភ្នាក់ងារសុវត្ថិភាពឱសថ និងស្បៀងអាហារអាមេរិក FDA អនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការកាលពីសប្តាហ៍មុន។ លោក Conley បានបញ្ជាក់ថា លោក ត្រាំ ស្ថានភាពសុខភាពល្អរឹងមាំធម្មតា ហើយមិនមានចេញរោគសញ្ញាសង្ស័យអ្វីទាំងអស់។
គួរជម្រាបថា លោក ដូណាល់ ត្រាំ បានធ្វើតេស្តរក COVID-19 ជាលើកដំបូង កាលពីថ្ងៃទី១៤ ខែមីនា បន្ទាប់ពីមន្រ្តីប្រេស៊ីលម្នាក់ ដែលធ្លាប់ជួបលោកនៅឯរីសត ម៉ាអេឡាហ្គោ (Mar-a-Lago) ក្នុងរដ្ឋផ្លូរីដា ត្រូវបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមាននៃជំងឺសកលនេះ៕