(ប៉ារីស)៖ ម៉ាសសម្រាប់ប្រើប្រាស់នៅចំពោះមុខការរាតត្បាតនៃជំងឺ COVID-19 ដែលបារាំង បានបញ្ជាទិញពីចិននោះ ត្រូវបាន អាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនទិញយកទៅបាត់នៅនាទីចុងក្រោយ គឺនៅពេលប្រអប់ស្តុកម៉ាសទាំងនោះ កំពុងស្ថិតក្រោម ការរង់ចាំជញ្ជូនទៅដាក់លើយន្តហោះ ដើម្បីដឹកទៅប្រទេសបារាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០។
យោងតាមសារព័ត៌មាន RT អាជ្ញាធរនៅប្រទេសបារាំងបានឲ្យដឹងថា សហរដ្ឋអាមេរិកបានប្រើលុយលើសបារាំងបីទៅបួនដង ក្នុងទម្រង់ជាសាច់ប្រាក់សុទ្ធ ដើម្បីកាត់មុខ ទិញយក ម៉ាសប្រមាណ៦០លានបន្ទះ ដែលកំពុងស្ថិតក្រោមការរង់ចាំជញ្ជូនទៅដាក់ លើយន្តហោះ ដែលត្រៀមនឹងហោះមកកាន់ប្រទេសបារាំងទៅហើយ។ ហេតុការណ៍នោះ បានកើតឡើងក្នុងសប្តាហ៍នេះ ប៉ុន្តែពុំ មានការបញ្ជាក់ឲ្យច្បាស់ថា កាលពីថ្ងៃណាឡើយ។
គួរជម្រាបថា កាលពីចុងខែមីនាកន្លងទៅនេះ រដ្ឋាភិបាលបារាំងបានប្រកាសបញ្ជាទិញម៉ាសសរុបចំនួន១ពាន់លាន ពីប្រទេសចិន ដើម្បីយកមកប្រើប្រាស់ក្នុងការទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺ COVID-19។ បើតាមវែបសាយ Worldometers.com គិតត្រឹមម៉ោង០៩៖០០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ ចំនួនអ្នកឆ្លង COVID-19 នៅបារាំង មានចំនួន៥៦,៩៨៩នាក់ ក្នុងនោះស្លាប់៤,០៣២នាក់ និងជាសះស្បើយ១០,៩៣៥នាក់។ ចំណែកនៅអាមេរិកវិញ អ្នកឆ្លងមានរហូត ដល់២១៥,៣៦២នាក់ ក្នុងនោះស្លាប់៥,១១៣នាក់ និងជាសះស្បើយ៨,៨៧៨នាក់៕