(គូឡាឡាំពួ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានប្រកាសថា អ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ២០៨នាក់ទៀតត្រូវបានរកឃើញ នៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលជាហេតុនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៣,១១៦ករណី ក្នុងនោះ ៥០នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា អ្នកជំងឺចំនួន ០៥នាក់ទៀត បានបាត់បង់ជីវិតនៅក្នុងថ្ងៃព្រហស្បតិ៍នេះ ដែលជាហេតុនាំឲ្យចំនួនករណីស្លាប់ កើនឡើងដល់ ៥០នាក់ដូចខាងលើ។ ដោយឡែកអ្នកជំងឺចំនួន ១២២នាក់ ទៀតក៏បានជាសះស្បើយវិញផងដែរ នាំឲ្យចំនួនអ្នកជាសះស្បើយសរុប កើនឡើងដល់ ៧៦៧នាក់គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍នេះ។
គួរបញ្ជាក់តាមអង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីពេលថ្មីៗថា អត្រាឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសម៉ាឡេស៊ី អាចនឹងឈានដល់កម្រិតកំពូល នៅពាក់កណ្តាល ខែមេសានេះ ហើយវានឹងថមថយចុះមកវិញ ប៉ុន្តែ WHO ក៏បានព្រមានផងដែរថា ប្រសិនបើខ្វះការប្រុងប្រយ័ត្ន នោះការផ្ទុះជំងឺនេះនឹងកើនឡើងវិញ៕