(រ៉ូម)៖ តួលេខចុងក្រោយចេញដោយអាជ្ញាធរអ៉ីតាលី បានឲ្យដឹងនៅយប់ថ្ងៃពុធថា នៅរយៈពេល ២៤ម៉ោងមុននេះ មនុស្សសរុប ៧២៧នាក់បន្ថែមទៀតបានស្លាប់ ដោយសារតែជំងឺរាតត្បាតសកល COVID-19 ខណៈអ្នកឆ្លងថ្មីៗទៀតមានសរុប ២,៩៣៧ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០។
តួលេខថ្មីខាងលើនេះ បានធ្វើឲ្យចំនួនមនុស្សស្លាប់សរុប ដោយសារតែជំងឺបង្កឡើង ដោយវីរុសកូរ៉ូណាថ្មីនេះកើនដល់ ១៣,១៥៥នាក់នៅទូទាំងអ៉ីតាលី ក្នុងចំណោមករណីឆ្លងសរុប ១១០,៥៧៤ករណី ខណៈអ្នកជំងឺជាសះស្បើយវិញ ក៏បានកើនដល់ ១៦,៨៤៧នាក់ផងដែរ។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្តាហ៍នេះ អ៉ីតាលីបានសម្រេចចិត្តបង្កើនពេលវេលា បិទប្រទេសរហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹង COVID-19 រហូតដល់ទីបំផុត។ ទោះបីជាមានករណីស្លាប់ច្រើនពិតមែន តែអ៉ីតាលីនៅតែមានក្តីសង្ឃឹមជានិច្ច ខណៈអត្រានៃការស្លាប់ និងឆ្លងនាប៉ុន្មានថ្ងៃចុងក្រោយនេះ ហាក់ដូចជាថមថយបន្តិច បើធៀបនឹងពេលផ្ទុះខ្លាំង នៅអំឡុងពាក់កណ្តាលខែមីនា។
ប្រជាជននៅលើពិភពលោកបានដឹងច្បាស់ថា អាមេរិក បារាំង អ៉ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ អង់គ្លេស សុទ្ធសឹងតែជាកំពូលប្រទេសរឹងមាំ ផ្នែកសេដ្ឋកិច្ច និងសុខាភិបាលខ្លាំងពូកែ សុទ្ធតែឈរនៅលើលំដាប់កំពូលៗ នៃតារាងបញ្ជីឈ្មោះប្រទេសអ្នកឆ្លងជំងឺ Covid-19 និងមានអ្នកស្លាប់ច្រើនជាងគេ នៅលើពិភពលោកទៅវិញ។
ត្រង់ចំណុចនេះអាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យសុខាភិបាលខ្លាំងក្លា មិនប្រាកដថាមានអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវិដ១៩នេះចំនួនតិចទេ ហើយក៏មិនប្រាកដថា ប្រទេសក្រសេដ្ឋកិច្ចមិនសូវរឹងមាំ មានឆ្លង និងស្លាប់ច្រើននោះដែរ ការដែលសំខាន់នោះគឺភាពជាអ្នកដឹកនាំនៃមេដឹកនាំប្រទេសនិមួយៗនោះទៅវិញទេ ដែលជាចំណុចគួរចាប់អារម្មណ៍។
យោងតាមគេហទំព័រពិភពលោក Worldometers.info គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បង្ហាញថា៖
១៖ អាមេរិក ករណីឆ្លងកើនដល់ ២១៥,០០៣ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១០៤៩នាក់ ស្លាប់សរុប ៥១០២នាក់
២៖ អ៉ីតាលី ករណីឆ្លងកើនដល់ ១១០,៥៧៤ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៧២៧នាក់ ស្លាប់សរុប ១៣,១៥៥នាក់
៣៖ អេស្ប៉ាញ ករណីឆ្លងកើនដល់ ១០៤,១១៨ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៩២៣នាក់ ស្លាប់សរុប ៩៣៨៧នាក់
៤៖ អាល្លឺម៉ង់ ករណីឆ្លងកើនដល់ ៧៧,៩៨១ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១៥៦នាក់ ស្លាប់សរុប ៩៣១នាក់
៥៖ បារាំង ករណីឆ្លងកើនដល់ ៥៦,៩៨៩ករណី អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥០៩នាក់ ស្លាប់សរុប ៤០៣២នាក់
៦៖ អង់គ្លេស ករណីឆ្លងកើនដល់ ២៩,៤៧៤ អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥៦៣នាក់ ស្លាប់សរុប ២៣៥២នាក់៕