(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា លោកស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងនានារបស់ចិន ក្នុងការផ្តល់ជំនួយផ្ទាល់ខ្លួនទៅកាន់បណ្តាប្រទេស និងតំបន់ទូទាំងពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០។
ឆ្លើយតបនឹងសំនួរពាក់ព័ន្ធនឹងជំនួយរបស់ចិន ទៅកាន់បរទេសអំឡុងពេលនេះ លោក ត្រាំ បានគូសបញ្ជាក់ថា «ចិនកំពុងតែបោះជំហាន ក្នុងតួនាទីជាអ្នកដឹកនាំពិភពលោកមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។ វាជាភាពវិជ្ជមានមួយ ដែលប្រទេសចិនជួយប្រទេសផ្សេងៗទៀត។ យើងមានប្រទេស ១៥១ហើយដែលកំពុងរងគ្រោះដោយ COVID-19 ហើយប្រទេសខ្លះពិតជាទន់ខ្សោយ។ ប្រសិនបើចិនអាចជួយពួកគេ នោះខ្ញុំគាំទ្រពេញទំហឹង។ ខ្ញុំនឹងគាំទ្រចិន និងបណ្តាប្រទេសផ្សេងៗទៀត ប្រសិនបើពួកគេបង្កើនជំនួយ និងការផ្តល់ឧបករណ៍វេជ្ជសាស្ត្រ ទៅកាន់ប្រទេសនានា»។
គួរបញ្ជាក់ថា ព័ត៌មានអំពីជំនួយមនុស្សធម៌បន្ទាន់របស់ចិន មានដូចជាគ្រឿងសម្ភារៈបរិក្ខាពេទ្យ ដូចជាឧបករណ៍ធ្វើតេស្តរក COVID-19, ម៉ាស់, សំលៀកបំពាក់ការពារមេរោគ និងឧបករណ៍ចាំបាច់ផ្សេងៗទៀតនោះ ត្រូវបានចុះផ្សាយស្ទើរគ្រប់សារព័ត៌មាន ជាពិសេសពីបណ្តាប្រទេសទាំងឡាយ ដែលបានទទួលជំនួយនេះ។ សកម្មភាពជួយប្រទេសដទៃនេះ បានកើតមានឡើងកាន់តែខ្លាំងក្លា បន្ទាប់ពីចិនបានធូរស្បើយកាន់តែខ្លាំង ពីការរីករាតត្បាតនៃវីរុសកូរ៉ូណា (COVID-19)៕