(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា លោកនឹងមិនចេញបទបញ្ជាថ្នាក់ជាតិ ឲ្យប្រជាជនអាមេរិកទាំងអស់ (៣២៨លាននាក់) ស្នាក់នៅផ្ទះនោះឡើយ បើទោះបីជាវីរុសកូរ៉ូណាត្រូវបានគេមើលឃើញថា កំពុងបន្តចាក់ឬស នៅទូទាំងទឹកដីមហាអំណាចមួយនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាននានា នៅឯសេតវិមានរដ្ឋធានីវ៉ាស៊ីនតោនពាក់ព័ន្ធនឹងការងារជារួម របស់កងកម្លាំងពិសេសប្រយុទ្ធនឹងវីរុសកូរ៉ូណា (Coronavirus Task Force) ថា លោកគ្មានបំណងធ្វើដូច្នោះឡើយ (បញ្ជាឲ្យប្រជាជនស្នាក់នៅផ្ទះកុំចេញទៅណា) ព្រោះថារដ្ឋនានានៅអាមេរិក មានកម្រិតនៃការឆ្លង COVID-19 ខុសៗគ្នា។
ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋទាំងឡាយ មានលក្ខណៈខុសពីគ្នា ហើយខ្ញុំយល់ថា អភិបាលនៃរដ្ឋផ្លូរីដាលោក រ៉ូន ដឺសានទីស (Ron DeSantis) បានចេញបទបញ្ជាតែមួយថ្ងៃ (ការស្នាក់នៅផ្ទះកុំចេញទៅណា) នោះវាជាពិសេសល្អ... គឺអស្ចារ្យណាស់។ ប៉ុន្តែនៅមានរដ្ឋផ្សេងៗទៀត ដែលមានលក្ខណៈខុសៗពីគ្នា។ រដ្ឋខ្លះទៀត មិនទាន់មានបញ្ហាធំដុំនោះឡើយ»។
ទោះបីជាបែបនេះក្តី បច្ចុប្បន្នបទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ត្រូវបានធ្វើឡើងដោយអាជ្ញាធររដ្ឋចំនួន៣៧ ក្នុងចំណោម៥០ រួចមកហើយ ប៉ុន្តែទៅតាមកម្រិត និងពេលវេលាខុសៗគ្នា ដោយក្នុងនោះប្រជាជនអាមេរិកយ៉ាងហោចណាស់ ២៩៤លាននាក់ត្រូវជាប់គាំង។ បច្ចុប្បន្នអាមេរិកមានករណីឆ្លង COVID-19 ជាង២០០,០០០ករណី ក្នុងនោះស្លាប់៤,៧៥៧នាក់៕