(បាងកក)៖ សាកសពអ្នកធ្វើដំណើរ បុរសវ័យ៥៧ឆ្នាំម្នាក់ដែលបានដួលស្លាប់ នៅលើរថភ្លើងដែលកំពុងធ្វើដំណើរនៅក្នុងស្រុក Thap Sakae ខេត្ត Prachuap Khiri Khan ប្រទេសថៃ កាលពីយប់ថ្ងៃចន្ទ ត្រូវបានគេតេស្តឃើញថា មានលទ្ធផលវិជ្ជមាននៃជំងឺ Covid-19, នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនាយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ។
បើតាមអនុប្រធានក្រុមហ៊ុនរថភ្លើង State Railway of Thailand, លោក Voravuth Mala បានឲ្យដឹងថា លទ្ធផលវិជ្ជមាននេះត្រូវបានបញ្ជាក់ដោយ ការិយាល័យសុខាភិបាលសាធារណៈ ខេត្ត Songkhla។ លោកមិនបានបង្ហាញឈ្មោះអ្នកធ្វើដំណើរដែលបានស្លាប់នោះទេ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ថា អ្នកធ្វើដំណើរនោះមានឈ្មោះ Anant Sahor អាយុ៥៧ឆ្នាំ មកពីខេត្ត Narathiwat។
លោក Mala បានឲ្យដឹងដែរថា អ្នកធ្វើដំណើរនោះបានទិញសំបុត្ររថភ្លើងដែលប្រតិបត្តិចន្លោះពីទីក្រុង Bangkok ទៅកាន់ទីក្រុង Hat Yai ភាគខាងត្បូងប្រទេសថៃ ជិតព្រំដែនប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ មុនពេលស្លាប់បុរសរូបនោះមានអាការៈក្អក និងក្អួត នៅអំឡុងពេលធ្វើដំណើរ ជាមួយនឹងកម្តៅ៣៦អង្សា៕