(តេហេរ៉ង់)៖ ក្រសួងសុខាភិបាលអ៉ឺរ៉ង់ បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសបានកើនលើស ៣,០០០នាក់ហើយ ក្នុងរយៈពេលត្រឹមតែ២៤ ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក នៅថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ឺរ៉ង់ លោក Kianush Jahanpour បានបញ្ជាក់ថា ពេញមួយថ្ងៃអង្គារម្សិលមិញ អ្នកជំងឺ COVID-19 ១៣៨នាក់បន្ថែមទៀត បានស្លាប់ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣,០៣៦នាក់ រីឯករណីឆ្លង ក៏បានកើនដល់ ៤៧,៥៩៣ករណីផងដែរ បន្ទាប់ពីអ្នកឆ្លងថ្មី ២,៩៨៧នាក់ ត្រូវបានរាយការណ៍៕