(ពិភពលោក)៖ នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ សាកលវិទ្យាល័យអាមេរិក ចន ហប់ឃីនស៍ (Johns Hopkins) ដែលជាអ្នកតាមដានជាប់ជានិច្ចលើស្ថានការណ៍នៃវីរុសកូរ៉ូណាថ្មី (COVID-19) ទាំងនៅក្នុងសហរដ្ឋអាមេរិក និងពិភពលោកទាំងមូលបានឲ្យដឹងថា ជំងឺរាតត្បាតសកលមួយនេះ បានផ្តាច់ជីវិតមនុស្សកើនដល់ ៤,០៧៦នាក់ហើយ ក្នុងចំណោមករណីឆ្លងសរុប ១៨៩,៥១០នាក់នៅក្នុងសហរដ្ឋអាមេរិក ដែលវាជាតួលេខខ្ពស់ជាងគេបំផុតនៅលើ ពិភពលោក។
២៖ ទីបំផុតអាជ្ញាធរថៃបានចាប់ផ្តើមអនុវត្ត វិធានការបិទផ្នែកមួយចំនួននៅក្នុងទីក្រុងបាងកក ហើយដូចជា ហាងលក់ដុំ-រាយទំនិញ និងហាងលក់ទូរស័ព្ទដៃទាំងអស់ផងដែរ ដើម្បីទប់ស្កាត់ការឆ្លង COVID-19 ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
៣៖ ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា ប្រទេសសរុប ១២១ ហើយនៅទូទាំងពិភពលោក បានធ្វើការស្នើសុំមកកាន់ប្រទេសកូរ៉េខាងត្បូង ឲ្យជួយពួកគេពាក់ព័ន្ធនឹងវិធីសាស្ត្រ និងឧបករណ៍ធ្វើតេស្តរកវីរុសកូរ៉ូណាថ្មី (COVID-19)
៤៖ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នាថ្ងៃពុធនេះ បានប្រកាស COVID-19 ជាជំងឺឆ្លងរាលដាលនៅទូទាំង ប្រទេសវៀតណាម ស្របពេលដែលករណីឆ្លងបានកើនលើស២០០នាក់។
៥៖ ប្រទេសអេស្ប៉ាញទើបតែរាយការណ៍ ពីការកើនឡើងចំនួនអ្នកឆ្លង និងស្លាប់បន្ថែមទៀតដោយសារតែជំងឺរាតត្បាតសកល COVID-19 ដ៏កាចសាហាវ ដែលជាហេតុនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ១០២,១៣៦នាក់ ក្នុងនោះអ្នកជំងឺសរុប ៩,០៥៣នាក់បានបង់ជីវិត។
៦៖ នៅចំពោះមុខការរីករាលដាលនៃ COVID-19 ឥណ្ឌាបានចាប់ផ្តើមកែច្នៃទូរថភ្លើងរហូតដល់២០,០០០កំណាត់ ដើម្បីធ្វើជាការទុកអ្នកជំងឺ COVID-19។