(ឡុងដ៍)៖ ព្រះអង្គម្ចាស់ឆាល (Charles) ដែលជាព្រះរាជបុត្រច្បងរបស់ម្ចាស់ក្សត្រិយ៍អេលីហ្សាប៊ែតទី២ និងជារាជទាយាទចក្រភពអង់គ្លេស បានជាសះស្បើយពី COVID-19 ហើយ។ ទន្ទឹមគ្នា ព្រះអង្គក៏បានកោតសរសើរដល់បុគ្គលិកសុខាភិបាល ដែលកំពុងតស៊ូប្រយុទ្ធជាមួយជំងឺរាតត្បាតសកលមួយនេះផងដែរ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។
ព្រះអង្គម្ចាស់ឆាល មានព្រះជន្ម ៧១ ព្រះវស្សា បានបញ្ចប់ការគង់នៅដាច់ដោយឡែកពីគេ កាលពីថ្ងៃចន្ទកន្លងទៅ បន្ទាប់ពីពីព្រះអង្គត្រូវបានគេរាយការណ៍ថាឆ្លង COVID-19 កាលពីខែមីនាកន្លងទៅ ដោយមិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរនោះទេ។ ចំណែកឯ មហេសីរបស់ទ្រង់ ព្រះនាម ខាមីឡា (Camilla) មានព្រះជន្ម៧២ព្រះវស្សា ដែលត្រូវបានគេធ្វើ តេស្ដ «អវិជ្ជមាន» នឹងត្រូវបន្តគង់នៅដាច់ដោយឡែកពីគេ រហូតដល់ចប់សប្ដាហ៍នេះ។ លើសពីនេះទៅទៀត ព្រះរាជវាំងអង់គ្លេស ក៏បានបញ្ជាក់ដែរថា ម្ចាស់ក្សត្រិយ៍អេលីហ្សាប៊ែតទី២ មានព្រះរាជសុខភាពល្អធម្មតា និងកំពុងគង់នៅជាមួយព្រះស្វាមី ព្រះអង្គម្ចាស់ហ្វីលីព នៅឯវិមាន Windsor Castle ស្ថិតនៅភាគខាងលិច ទីក្រុងឡុងដ៍។
គួរជម្រាបថា អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស នៅថ្ងៃពុធនេះ បានឱ្យដឹងថា អ្នកជំងឺ COVID-19 ៥៦៣នាក់ បានស្លាប់ពេញមួយថ្ងៃអង្គារម្សិលមិញ ហើយបូកតួលេខថ្មី នេះ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២,៣៥២នាក់ និងឆ្លងជាង ២៩,៤៧៤ករណី៕