(បាងកក)៖ ទីបំផុតអាជ្ញាធរថៃបានចាប់ផ្តើមអនុវត្ត វិធានការបិទផ្នែកមួយចំនួននៅក្នុងទីក្រុងបាងកក ហើយដូចជា ហាងលក់ដុំ-រាយទំនិញ និងហាងលក់ទូរស័ព្ទដៃទាំងអស់ផងដែរ ដើម្បីទប់ស្កាត់ការឆ្លង COVID-19 ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាយប់ថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។
អភិបាលទីក្រុងបាងកកលោក អេសវីន ក្វាន់មួង (Aswin Kwanmuang) បានបញ្ជាក់ថា ការបិទខាងលើនេះចាប់អនុវត្តន៍ពេលវេលាម៉ោង ៥៖០០នាទីល្ងាចថ្ងៃពុធ ទី០១ ខែមេសានេះតទៅរហូតដល់ចុងខែមេសា ឆ្នាំ២០២០។ ការសម្រេចចិត្តឲ្យបិទទីកន្លែង ទាំងអស់នេះជាបណ្តោះអាសន្ន ក៏ព្រោះតែអាជ្ញាធរថៃបានមើលឃើញថា មនុស្សម្នានៅតែចូលចិត្តប្រមូលផ្តុំនៅតាមហាងលក់ទំនិញ និងទូរស័ព្ទទាំងអស់ នៅទូទាំងទីក្រុងបាងកក ជាពិសេសគឺពេលល្ងាចដល់ពេលរាត្រី។
គួរបញ្ជាក់ថា ប្រទេសថៃកន្លងមកបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ជាចង្កោមៗច្រើនលើកមកហើយ ដែលជាហេតុនាំឲ្យចំនួនអ្នកឆ្លង COVID-19 កើនឡើងលឿនជាលំដាប់។ បច្ចុប្បន្នប្រទេសថៃមានអ្នកឆ្លងសរុប ១,៧៧១ករណី ក្នុងនោះ ១២នាក់ស្លាប់ និង ៤១៦នាក់ជាសះស្បើយ៕