(ប៊ែរឡាំង)៖ ចំនួននៃករណីឆ្លងជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេសអាល្លឺម៉ង់បានកើនឡើងដល់ ៦៧,៣៦៦នាក់ហើយ ក្នុងនោះអ្នកជំងឺ ៧៣២នាក់ស្លាប់ ដែលប្រការនេះកំពុងបង្ហាញថា ស្ថានភាពរីករាលដាលវីរុស នៅក្នុងប្រទេសធំជាងគេប្រចាំទ្វីបអឺរ៉ុបមួយនេះ កំពុងតែវិវឌ្ឍកាន់តែធ្ងន់ធ្ងរហើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។
នៅក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ អាល្លឺម៉ង់បានរកឃើញអ្នកឆ្លង COVID-19 ចំនួន ៥,៤៥៣នាក់ និងអ្នកស្លាប់ ១៤៩នាក់បន្ថែមទៀតនៅទូទាំងប្រទេស ដែលជាហេតុធ្វើឲ្យចំនួនករណីឆ្លង និងស្លាប់សរុបកើនឡើងយ៉ាងគំហុកដូចខាងលើ។ ទោះជាបែបក្តី អត្រាស្លាប់នៅអាល្លឺម៉ង់ដោយសារ COVID-19 នៅតែមានកម្រិតទាបខ្លាំង បើធៀបនឹងប្រទេសអ៉ីតាលី អេស្ប៉ាញ បារាំង និងសូម្បីតែចក្រភពអង់គ្លេស។
គួរបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់កន្លងមកនេះ បានសម្រេចចិត្តបិទព្រំដែនរបស់ខ្លួន និងរឹតត្បិតការធ្វើដំណើរក្នុងប្រទេសផងដែរ ដើម្បីកាត់បន្ថយការឆ្លង COVID-19។ ប្រការនេះបាននាំឲ្យកម្មករមកពីអឺរ៉ុបខាងកើត ដែលតែងតែចូលមកប្រទេសនេះ ដើម្បីដាំដុះ បន្លែ និងផ្លែឈើទៅតាមរដូវកាលនោះត្រូវរាំងស្ទះ ហើយតម្លៃបន្លែ និងផ្លែឈើក្នុងស្រុកក៏ត្រូវបានគេរំពឹងថា នឹងឡើងថ្លៃផងដែរ៕