(ហាណូយ)៖ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នាថ្ងៃពុធនេះ បានប្រកាស COVID-19 ជាជំងឺឆ្លងរាលដាលនៅទូទាំង ប្រទេសវៀតណាម ស្របពេលដែលករណីឆ្លងបានកើនលើស២០០នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។
លោក Phuc បាននិយាយដូច្នេះថា «COVID-19 កំពុងឆ្លងរាលដាលនៅទូទាំងប្រទេសវៀតណាម ខណៈវាត្រូវបានចាត់ថ្នាក់ជាជំងឺឆ្លង Class A ក៏គ្រោះថ្នាក់ ហើយអាចឆ្លងយ៉ាងរហ័សនិងយ៉ាងទូលំទូលាយ ព្រមទាំងមានអត្រាមរណៈខ្ពស់»។ ការប្រកាស COVID-19 ជាជំងឺឆ្លងរាល ដាលនៅទូទាំងប្រទេសវៀតណាមនេះ ធ្វើឡើងបន្ទាប់ពីចំនួនសរុបនៃអ្នកឆ្លង COVID-19 នៅវៀតណាម បានកើនដល់២១២នាក់ នៅក្នុង ទីក្រុងនិងខេត្តចំនួន២៥ ក្នុងចំណោមទីក្រុងនិងខេត្តទាំង៦៣នាក់ ដោយក្នុងនោះរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ មានការឆ្លងច្រើន ជាងគេ។
គួរជម្រាបថា ក្នុងចំណោមករណីឆ្លងជាង២០០នាក់ខាងលើ មាន៦៤នាក់ត្រូវបានព្យាបាលជាះស្បើយ។ ដោយឡែក ចាប់ពីថ្ងៃពុធនេះទៅ វៀតណាមក៏បានចាប់ផ្តើមវិធានការ «រក្សាគម្លាតសង្គម» សម្រាប់រយៈពេល១៥ថ្ងៃផងដែរ គឺតម្រូវឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ បើគ្មានករណី ចាំបាច់បន្ទាន់, នៅឆ្ងាយពីគ្នាយ៉ាងតិច២ម៉ែត្រ និងជៀសវាងការប្រមូលផ្តុំគ្នាលើសពី២នាក់៕