(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃពុធនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ ករណី COVID-19 ចំនួន៣៦ករណីថ្មីត្រូវបានរកឃើញ ដោយក្នុងនោះមានតែមួយករណីប៉ុណ្ណោះជាករណីឆ្លងក្នុងស្រុក ហើយមិនមែននៅក្នុងខេត្ត Hubei ដែលកន្លងមកជាចំណុចផ្ទុះដំបូងនៃការឆ្លងរាលដាល COVID-19 នៅប្រទេសចិនឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។
បើបូកបញ្ចូលជាមួយ៣៥ករណីថ្មីខាងលើ ដែលជាករណីនាំចូល វាបានធ្វើឲ្យចំនួនករណីឆ្លងសរុប ដែលនាំចូលមកពីក្រៅប្រទេស បានកើនដល់ ០៦ករណី បើគិតត្រឹមថ្ងៃអង្គារម្សិលមិញ នៅទូទាំងប្រទេសចិន។ ហើយក្នុងចំណោមករណីឆ្លងនាំចូលទាំងអស់នេះមាន ១១៥ នាក់បានជាសះស្បើយឡើងវិញ ខណៈ ៦៩១ នាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីទទួលបានការព្យាបាល ដោយក្នុងនោះ២០ នាក់គឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលចិន (NHC) ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញបានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៦,២៣៨នាក់ ដោយក្នុងនោះ ១៨៦ នាក់ទើបតែត្រូវបានគេព្យាបាល ឲ្យជាសះស្បើយជាស្ថាពរឡើងវិញ កាលពីថ្ងៃអង្គារម្សិលមិញ។
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់ ៨១,៥៥៤ ករណី ក្នុងនោះ ៣,៣១២នាក់បានបាត់បង់ជីវិត។
និយាយជារួមសម្រាប់ថ្ងៃអង្គារ ទី៣១ ខែមីនា ម្សិលមិញនេះ នៅចិនដីគោក មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ ៣៦ ករណីប៉ុណ្ណោះ។ ហើយករណីឆ្លងថ្មីទាំងនោះ មានដល់ទៅ៣៥ករណីដែលនាំចូលពីប្រទេសក្រៅ ខណៈចំនួនអ្នកសា្លប់នៅថ្ងៃដដែលនេះមាន០៧នាក់៕