(ហុងកុង)៖ សត្វឆ្មាចិញ្ចឹមមួយក្បាលនៅឯទីក្រុងហុងកុង ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុក COVID-19 បន្ទាប់ពីម្ចាស់របស់វាបានឆ្លងជំងឺនេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។
អាជ្ញាធរក្រុងហុងកុងបានឲ្យដឹងថា ទោះមានផ្ទុក COVID-19 ក៏ដោយ សត្វឆ្មាមួយក្បាលនោះ មិនបានចេញរោគសញ្ញាចម្លែកអ្វីឡើយ ប៉ុន្តែក្រុមជំនាញបានបញ្ជាក់ថា បច្ចុប្បន្នមិនទាន់មានភស្តុតាងរឹងមាំនៅឡើយទេ ដែលបង្ហាញថា សត្វចិញ្ចឹមអាចជាប្រភពនៃការចម្លង COVID-19 ហើយ ម្ចាស់សត្វចិញ្ចឹមទាំងឡាយ មិនគួរបោះបង់ចោលសត្វរបស់ពួកគេ ដែលគ្មានភស្តុតាងណាមួយបញ្ជាក់នោះទេ។ អង្គការសុខភាពពិភពលោក WHO ក៏បានគូសបញ្ជាក់ដែរថា ពុំមានភស្តុតាងនៅឡើយទេដែលថា សត្វសុនខ ឆ្មា និងសត្វចិញ្ចឹមដទៃៗទៀតអាចចម្លងមេរោគ COVID-19។
គួរជម្រាបថា សត្វឆ្មាខាងលើគឺជាសត្វចិញ្ចឹមទី ៣ ហើយដែលត្រូវបានធ្វើតេស្តរកឃើញ COVID-19 នៅទីក្រុងហុងកុង បន្ទាប់ពីសត្វឆ្កែ ០២ក្បាល ដែលត្រូវបានគេធ្វើតេស្តរកឃើញ ជំងឺនេះដូចគ្នានាពេលកន្លងទៅ។ ដោយឡែកនៅប្រទេសប៊ែលហ្សិកវិញ ក៏មានករណីសត្វឆ្មាផ្ទុក COVID-19 ដែរ។ បើតាមអាជ្ញាធរជំនាញរបស់ហុងកុង ការដែលសត្វចិញ្ចឹមមានផ្ទុក COVID-19 បែបនេះ គឺទំនងជាពួកវាបានឆ្លងមកពីម្ចាស់ ឬក៏អ្នកដទៃទៀតដែល បានប៉ះពាល់ជាមួយពួកវា ហើយករណីទាំងនេះ ពុំមានអ្វីគួរឲ្យព្រួយបារម្ភខ្លាំងនោះឡើយ៕