(ញូដេលី)៖ នៅចំពោះមុខការរីករាលដាលនៃ COVID-19 ឥណ្ឌាបានចាប់ផ្តើមកែច្នៃទូរថភ្លើងរហូតដល់២០,០០០កំណាត់ ដើម្បីធ្វើជាការទុកអ្នកជំងឺ COVID-19។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។
ក្រសួងគ្រប់គ្រងបណ្តាញរថភ្លើងរបស់ប្រទេសឥណ្ឌា បានឲ្យដឹងដូច្នេះថា «ទូរថភ្លើងចំនួន ២ម៉ឺនទូនេះអាចផ្ទុកគ្រែអ្នកជំងឺបានរហូតដល់ទៅ៣២០,០០០គ្រែ ខណៈកិច្ចការកែច្នៃ៥,០០០ទូដំបូងត្រូវបានផ្តើមរួចជាស្រេច។ ទូចំនួន៥,០០០ទូដែលកែច្នៃរួច នឹងមានសមត្ថភាពផ្ទុកបាន៨០,០០០គ្រែ ដោយក្នុងមួយទូត្រូវគេរំពឹងថា អាចមាន១៦គ្រែ។ ទូកែច្នៃនីមួយៗនឹងត្រូវបំពាក់រាល់ឧបករណ៍វេជ្ជសាស្រ្តចាំបាច់នានា ស្របទៅតាមការណែនាំ របស់ក្រសួងសុខាភិបាលឥណ្ឌា»។
គួរជម្រាបថា គិតត្រឹមថ្ងៃអង្គារម្សិលមិញ ឥណ្ឌាបានរកឃើញអ្នកឆ្លង COVID-19 សរុបចំនួន១,២៥១ករណី ក្នុងនោះ១២នាក់បានស្លាប់ និង១០២នាក់បានជាសះស្បើយខណៈប្រទេសដែលមានប្រជានជន ប្រមាណជិត១.៤ពាន់លាននាក់នេះ បានស្ថិតក្រោមវិធានការបិទប្រទេស អស់រយៈពេលមួយសប្តាហ៍មកហើយ ដែលមានរយៈពេលសរុប២១ថ្ងៃ៕